ពីវេទិកាអធិបតីនៃពិធីបិទសន្និបាតក្រសួងមហាផ្ទៃនារសៀលថ្ងៃទី២៣ ខែកម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឱ្យលុបបំបាត់ចោលនូវទស្សនៈភ័នច្រឡំថារដ្ឋបាលខេត្ត ឬរាជធានី ជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃ។ បើតាមសម្ដេច​ នៅពេលដែលរាជរដ្ឋាភិបាលពង្រឹងរដ្ឋបាលឯកភាពនៅរាជធានី និងខេត្ត បែរជាមានការភ័នច្រឡំ និងប្រើពាក្យពេចន៍ថាក្រសួងមហាផ្ទៃច្បាមយកអំណាចពីក្រសួងស្ថាបនានានា។

បើតាមសម្ដេចតេជោសែន ការភ័នច្រឡំនេះ គឺជាកំហុសឆ្គងធំ ដោយអះអាងថា«រដ្ឋបាលថ្នាក់ក្រោមជាតិ គឺស្ថិតនៅក្រោមរាជរដ្ឋាភិបាល គ្រាន់តែឱ្យមហាផ្ទៃទទួលខុសត្រូវមើលទាក់ទងនឹងទំនាក់ទំនងនេះ ប៉ុន្តែមិនមែនជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃទេ»។ សម្ដេចបានអះអាងថាបណ្ដាក្រសួងផ្សេងៗ មានមន្ទីររបស់ខ្លួននៅតាមរាជធានីខេត្ត លើកលែងតែក្រសួងការបរទេស ដែលកិច្ចការបរទេសស្ថិតនៅក្រោមរដ្ឋបាលសាលាខេត្ត។

គួររម្លឹកថា សម្ដេចក្រឡាហោម ស ខេង នៅអំឡុងចុងឆ្នាំ២០២២កន្លងទៅនេះ ក៏បានថ្លែងជាសាធារណៈម្ដងហើយម្ដងទៀតដែរ អំពីការមិនឯកភាពរបស់សម្ដេច ចំពោះមន្ទិលនិងទស្សនៈរបស់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជាន់ខ្ពស់ក្រសួងមួយចំនួនដែលបានព្រលយពាក្យថាក្រសួងមហាផ្ទៃ បានប្រមូលតួនាទី ភារកិច្ច សិទ្ធិអំណាច និងធនធានពីបណ្ដាក្រសួងទាំងនោះ តាមយន្តការផ្ទេរអំណាចពីថ្នាក់ជាតិ ទៅឱ្យថ្នាក់ក្រោមជាតិ​ ឬកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានអះអាងថាកំណែទម្រង់បានធ្វើឱ្យប៉ះផលប្រយោជន៍មន្រ្តីខិលខូចខ្លះ ដែលចង់តែក្ដោបអំណាចនៅថ្នាក់ជាតិ ដើម្បីទាញយកផលប្រយោជន៍ បើទោះបីជាដឹងថាទស្សនៈនេះ ផ្ទុយទៅនឹងការឯកភាពក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក៏ដោយ។

ថ្លែងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សម្ដេចមានប្រសាសន៍ថា«គោលការណ៍ដើម គឺយើងបានឯកភាពគ្នា​​ ចាប់ដៃគ្នាថាយើងខិតខំកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិហ្នឹងឱ្យទៅជារដ្ឋបាលមួយដែលខ្លាំង ដើម្បីចាត់ចែងផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ តែមិនអ៊ីចឹង អ្នកមិនយល់ហ្នឹងគឺទៅជាយល់ថាក្រសួងនេះ ក្រសួងនោះប្រមូលអំណាច ជាពិសេសចោទទៅក្រសួងមហាផ្ទៃថាជាក្រសួងប្រមូលអំណាច។ ប៉ុន្តែខ្ញុំសួរត្រឡប់ទៅវិញថាតើមហាផ្ទៃយកអំណាចហ្នឹងមកទុកធ្វើស្អី? មកទុកលើហឹង ឬលើស្កាកដើម្បីតាំងពិព័រណ៌មើលឬយ៉ាងម៉េច? វាមិនមែន! អត់មានទាល់តែសោះ! មែនទែនទៅ គ្រាន់តែជាអ្នកដើរតួជួយសម្របសម្រួល ដើម្បីយកអំណាចមកជូនរដ្ឋបាលថ្នាក់ក្រោមជាតិ និងយកអំណាចមកឱ្យប្រជាពលរដ្ឋទេ! មើលចុះបើខុស! សូម្បីតែសិទ្ធិអំណាច និងមន្រ្តីក្រសួងមហាផ្ទៃខ្លួនឯងក៏បានផ្ទេរទៅឱ្យថ្នាក់ក្រោមជាតិដូចគ្នាដែរ»។

មិនមែនតែសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនោះទេ ដែលទទួលរងការដាក់មន្ទិលថាបានប្រមូលតួនាទី ភារកិច្ច សិទ្ធិ អំណាច និងធនធានពីក្រសួងផ្សេងៗមកក្ដោបក្រោមក្រសួងមហាផ្ទៃ ដ្បិតនៅថ្ងៃទី៧ ខែកុម្ភៈនេះ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ក៏បានគូសបញ្ជាក់អំពីបញ្ហាស្រដៀងគ្នានេះដែរ។ ថ្លែងក្នុងពិធីប្រកាសបើកសិក្ខាសាលាស្តីពីវឌ្ឍនភាពការងារការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ឯកឧត្តម ប្រាក់ សុខុន គូសបញ្ជាក់ថាកន្លងមក ក្រសួង-ស្ថាប័នមួយចំនួនតែងមានចម្ងល់ពាក់ព័ន្ធនឹងតួនាទីរបស់ក្រសួងការបរទេស និងយន្តការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច។

ពន្យល់តបនទៅនឹងការដាក់មន្ទិលយ៉ាងដូច្នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រមុខការទូតកម្ពុជា បានបញ្ជាក់ក្នុងសុន្ទរកថារបស់ខ្លួនក្នុងន័យដើមថា«ខ្ញុំសូមគូសបញ្ជាក់សារជាថ្មីថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមិនមានអាណត្តិ ចាប់យកភារកិច្ច ឬដើរតួជំនួស​ក្រសួង-​​ស្ថាប័នជំនាញពាក់ព័ន្ធនោះឡើយ។ ក្រសួង និងស្ថានតំណាងកម្ពុជានៅបរទេស គ្រាន់តែបំពេញតួនាទីជាអ្នករួមវិភាគទាន និងសម្របសម្រួលរវាងស្ថាប័នក្នុងស្រុក និងប្រទេសជាដៃគូ ដើម្បីជំរុញពាណិជ្ជកម្មអន្តរជាតិ ទាក់ទាញទេសចរ និងវិនិយោគិនបរទេស និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ និងទេសចរណ៍»៕

Share.