ថ្លែងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលជួយគ្រួសារពលរដ្ឋរងគ្រោះដោយវិបត្តិកូវីដ-១៩ និងសង្គ្រាមរុស្សី និងអ៊ុយក្រែន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បាននឹកឃើញដល់ទង្វើរបស់ស្មៀនស្កាត់តាខ្មៅ ដែលត្រូវបានរកឃើញបានប្រព្រឹត្តអំពើពុករលួយកិបកេងយកប្រាក់ដែលរាជរដ្ឋាភិបាលឧត្ថម្ភជូនគ្រួសារក្រីក្រ។

សម្ដេចបានអះអាងថាករណីមិនអាចលើកលែងជាដាច់ខាត ពោលគឺទន្ទឹមនឹងការសងប្រាក់មករដ្ឋវិញ ស្មៀនរូបនោះត្រូវតែប្រឈមមុខតាមផ្លូវច្បាប់់ រួមទាំងការជាប់ពន្ធនាគារ។ សម្ដេចបន្ថែមថា«រាជរដ្ឋាភិបាលបានប្រឹងណាស់ កុំបំផ្លាញអ្វីដែលជាការខិតខំរួមរបស់ជាតិ និងប្រជាជន ហើយយកទៅធ្វើមាន ធ្វើបាន បំផ្លាញសេចក្ដីសុខរបស់ប្រជាជនដែលត្រូវទទួលផល»។

ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទដែលជាស្មៀនសង្កាត់តាខ្មៅម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងអំពើរំលោភលើទំនុកចិត្ត បន្លំដកយកសាច់ប្រាក់ពីកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រជាង៦០លានរៀលក្នុងអំឡុងពេលជំងឺកូវីដ-១៩។

ជនត្រូវចោទឈ្មោះ សុខ សុផា ជាស្មៀនសង្កាត់តាខ្មៅ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើការផ្ទៀងផ្ទាត់ និង រក្សាទុកនិងបានទៅដកប្រាក់ពីកម្មវិធីមករក្សាទុកខ្លួនឯង និងមិនប្រគល់ប្រាក់ ព្រមទាំងប័ណ្ណសមធម៌ជូនម្ចាស់ដើមពិតប្រាកដមែន។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ ” តាមមាត្រា៥៩៧ ,មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ និងត្រូវប្រឈមមុខនឹងជាប់គុក ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល៕

Share.