
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣ ខ្សែការពារ Sergio Ramos សមាជិករបស់ក្រុមអ្នកមានបារាំង PSG បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងវ័យ៣៦ឆ្នាំ ក្រោយមិនទទួលបានការកោះហៅចូលរួមក្នុងព្រឹត្តិការណ៍ World Cup ២០២២ នៅកាតា។
រយៈពេល ១៨ ឆ្នាំនៅក្រុមជម្រើសជាតិអេស្ប៉ាញ Sergio Ramos ចូលលេង ១៨០ប្រកួត ស៊ុតចូលទី២៣គ្រាប់ ក្នុងនាមជាខ្សែការពារ ដោយឈ្នះពានធំ៣ជូនជាតិគឺ World Cup ឆ្នាំ២០១០, Euro ឆ្នាំ២០០៨ និង Euro ២០១២ ខណ:នៅជាយុវជន Ramos ជួយឲ្យអេស្ប៉ាញ ឈ្នះពាន Euro U-19 ឆ្នាំ២០០៤។

ខណ:សហព័ន្ធកីឡាបាល់ទាត់អេស៉្បាញ ក៏បានប្រកាសអំពីការចាកចេញរបស់លោក Luis Enrique គ្រូបង្វឹកក្រុមជម្រើសជាតិអេស៉្បាញ និងខ្សែបម្រើ Sergio Busquets ប្រកាសចូលនិវត្តន៍ បន្ទាប់ពីមិនអាចដឹកនាំក្រុមឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ២០២២ នៅប្រទេសកាតាបាន។
លោក Luis de la Fuente វ័យ៦១ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញថ្មី ជំនួសកៅអីលោក Luis Enrique ដែលបានចាកចេញ។
លោក De la Fuente បានដឹកនាំក្រុមជម្រើសជាតិអេស៉្បាញអាយុក្រោម ១៩ឆ្នាំ ឈ្នះជើងឯកទ្វីបអឺរ៉ុប កាលពីឆ្នាំ២០១៥ និងបានដឹកនាំក្រុមយុវជនអាយុក្រោម២១ឆ្នាំអេស៉្បាញ ឲ្យទទួលបានជើងឯកទ្វីបអឺរុបដូចគ្នានៅឆ្នាំ២០១៩។ ខណៈនៅឆ្នាំ២០២១ លោក De la Fuente បានដឹកនាំក្រុមជម្រើសជាតិអេស៉្បាញឲ្យទទួលបានមេដាយប្រាក់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន៕


