កំពង់ឆ្នាំង ៖ នាយករងវិទ្យាល័យម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញស្នងការខេត្តកំពង់ឆ្ឆ្នាំង ធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងសំណុំរឿងរំលោភសេពសន្ថវៈ លើក្មេងស្រីសិស្សសាលា ជាអនីតិជន និងថតវីដេអូរពេលដែលរួមរ័ក្ស ទុកគម្រាម និងចែកចាយរូបភាពអាសអាភាសលើកុមារ ហើយត្រូវបានតុលាកាខេត្តកំពង់ឆ្នាំងសម្រេចឃុំខ្លួនជាបណ្តោះអាសន្នហើយ ។

ជនសង្ស័យឈ្មោះ ង៉ែត សុខខេង ភេទប្រុស អាយុ៤០ឆ្នាំ ជានាយករងសាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យ មានទីលំនៅ ភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានស្រុកកំណើតភូមិក្រាំងប្រស្រុក ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកក្មេងស្រីរងគ្រោះ ជាសិស្សសាលាអាយុ១៥ឆ្នាំ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមបណ្តឹងភាគីរងគ្រោះ នាំទៅសាកសួរ នៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ត ។

ជនសង្ស័យដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួន ក្រោមការចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភាសលើកុមារ និងករណី ហិង្សាដោយចេតនា ។

ក្រោយឃាត់ខ្លួននិងកសាងសំណុំរឿងរួច ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាកាខេត្ត កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

រហូតដល់ល្ងាចថ្ងៃដដែលនេះ ជនសង្ស័យត្រូវបានលោក នូ ដារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចចេញដីកាបង្គាប់លេខ១៩៩ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ៕

អត្ថបទ៖តាតុង សែនជ័យ

Share.