សិល្បៈជាតិ៖ ដូចមហាជនបានស្គាល់មកថា លោក ឆាយ វិរៈយុទ្ធ គឺជាតារាចម្រៀងដែលមានទឹកដមសំឡេងក្រអួនក្រអៅមុតស្រួច ប្រចាំឱ្យផលិតកម្មសាន់ដេ ដែលនាពេលថ្មីៗនេះស្រាប់តែលោកបានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយស្ងាត់ៗលោកបានបង្ហាញរូបភាពជាច្រើនសន្លឹកបញ្ជាក់ថា លោកបានទទួលគ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជាគឺ «មេដាយមុនីសារាភ័ណ្ឌ» ថ្នាក់មហាសេនា ។ នេះបើតាមការបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣។
យ៉ាងណាមិញ តាមរយៈរូបភាពដែលលោក ឆាយ វិរៈយុទ្ធ បានបង្ហោះនោះ គេបានឃើញលោកពាក់បង្ហាញគ្រឿងឥស្សរិយយស «មេដាយមុនីសារាភណ្ឌ» ថ្នាក់មហាសេនា នៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានិងឆ្លងសមិទ្ធផលនានាក្នុងវត្តទួលលក្ខរស្មីមានជ័យ ហៅវត្តទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមវត្តមានលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្ដម កែ សួនសុភាព បានអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់។
គួរដឹងបន្ថែមថា «មេដាយមុនីសារាភ័ណ្ឌ» ថ្នាក់មហាសេនា គឺត្រូវបានបំពាក់ជូនបុគ្គលដែលមានស្នាដៃ និងគុណបំណាច់ខ្ពស់ក្នុងវិស័យ សិក្សាធិការ អក្សរសាស្ត្រ វិទ្យាសាស្ត្រ វិចិត្រសិល្បៈ សង្គមកិច្ច ឬវិស័យផ្សេងៗទៀត ដែលត្រូវបានព្រះមហាក្សត្រប្រោសប្រទាន ចេញដោយព្រះរាជក្រឹត្យ។

គេនៅចាំបានថា ឆាយ វិរៈយុទ្ធ ធ្លាប់ទទួលបានមេដាយមុនីសារាភណ្ឌថ្នាក់ អស្សឫទ្ធិ កាលថ្ងៃ៩ ធ្នូ ឆ្នាំ ២០១៦ ពីអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងសកម្មភាពស្ម័គ្រចិត្ត ដើម្បីជួយផ្សព្វផ្សាយ អំពីអំពើពុករលួយ ជូនដល់មជ្ឈដ្ឋានមហាជន តាមរយៈការងារសិល្បៈរបស់ខ្លួន។ ហើយនៅក្នុងនោះក៏មានតារាចម្រៀងសាន់ដេជាច្រើនរូបទៀតដូចជា កញ្ញា អ៊ីវ៉ា ទទួលបានមេដាយ មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ និងលោក ខេមរៈ សិរីមន្ត កញ្ញា សុខ ពិសី និង លោក ខាន់ ជេមស៍ ទទួលបានមេដាយមុនីសារាភ័ណ្ឌថ្នាក់ អស្សឫទ្ធិ ផងដែរ។

សូមជម្រាបថា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ឆាយ វិរៈយុទ្ធ មានឈ្មោះជាផ្លូវការ «ឆាយ ចាន់ឆោម» លោកមានស្រុកកំណើត ភូមិពោធ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពុងចាម។ សព្វថ្ងៃលោកមានភរិយាឈ្មោះ សែ ចាន់ឌី មានកូនស្រីម្នាក់ឈ្មោះ វីរៈយុទ្ធ អភិជាតាទេវី។ លោកជាតារាចម្រៀងដែលធ្លាប់ជ្រកក្រោមផលិតកម្ម «រស្មីស្ទឹងសែន» «Blue Diamond» «M» និងបច្ចុប្បន្ននៅក្នុងផលិតកម្ម សាន់ដេ។ លោកមានក្រុមហ៊ុនអាជីវកម្មស្រូវអង្ករមានឈ្មោះថា «ស្តេចអង្ករ» មានដេប៉ូចែកចាយចំនួន៨សាខា និងអាជីវកម្មអចលនទ្រព្យ ពុះដីឡូតិ៍ សង់ផ្ទះល្វែង ផ្ទះវីឡា ជាច្រើនកន្លែងផ្សេងទៀតដូចជា នៅភ្នំបាសិទ្ធ ព្រះសីហនុ កំពង់ឆ្នាំង មណ្ឌលគិរី និងរាជធានីភ្នំពេញ៕
