ភ្នំពេញ៖មនុស្សប្រុសស្រីពីរនាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តម៉ាក FORD PICK UP ប៉ះឲ្យដួលហើយរថយន្តក៏រេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ពីកង់ រថយន្តក្រឡាប់ផ្ងារជើងមួយ ជំហៀង។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ត្រង់ចំណុច មុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញ រថយន្តម៉ាកFORD PICK UP ពណ៌ស ស៊េរីឆ្នាំ ២០១៨ ពាក់ស្លាក លេខភ្នំពេញ2AR.6922 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតមកស្ដាំដៃទៅប៉ះនឹងម៉ូតូម៉ាកឌ្រីម ស៊េរី 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JS.8973 ដែលបើកបរដោយបុរស ម្នាក់រួមដំណើរដោយស្ត្រីម្នាក់បណ្ដាលឲ្យដួលរងរបួសធ្ងន់ស្រាល។រថយន្តមិនទាន់អស់ល្បឿនក៏បានរេចង្កូតមកឆ្វេងដៃវិញទៅបុករបាំង ថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ពីកង់រថយន្តក្រឡាប់ផ្ងារមួយចំហៀង។ក្រោយមកគេឃើញម្ចាស់រថយន្តបានចេញពីរថយន្តមានសភាព ស្រវឹងស្រាហើយក៏បានចេញពីកន្លែងកើតហេតុបាត់។

ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ខណ្ឌចំការមនបានចុះមកដល់កន្លែងកើតហេតុក៏បានធ្វើទំនាក់ទំនងទៅសមត្ថកិច្ចរាចរណ៍ក្រុងចុះមកយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

ដោយ៖ វិច្ឆិកា

Share.