សិល្បៈជាតិ៖ បើនិយាយពីចម្រៀងកាយវិការឿង ទុំទាវ របស់ផលិតកម្មហង្សមាស ជឿថាប្រិយមិត្តអ្នកគាំទ្រទាំងអស់គ្នាច្បាស់ជាចងចាំជាក់ជាមិនខាន ព្រោះ ស៊ីឌី និងវីស៊ីឌី មួយវ៉ុលនេះមានប្រជាប្រិយភាពខ្លាំងមែនទែនក្នុងឆ្នាំ ២០០០ ដែលមានការចូលរួមសម្ដែងតួទុំ ដោយលោក ទេព រិនដារ៉ូ និងតួទាវ ដោយអ្នកនាង នារី រតន៍គន្ធា។ ក្រោយមកអ្នកទាំងពីរក៏លែងបានសម្ដែងជាមួយគ្នារហូតដល់បច្ចុប្បន្ន។

យ៉ាងណាមិញ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ តួអង្គទាំងពីរបានវិលមកជួបគ្នាវិញ ដូចតាមបំណងរបស់អ្នកគាំទ្រ ដោយលោក ទេព រិនដារ៉ូ បានបង្ហាញសកម្មភាពស្និទ្ធស្នាលជាមួយអ្នកនាង នារី រតន៍គន្ធា នៅក្នុងកម្មវិធីក្រុងពាលីរឿងភាគ «អប្សរាមហាអង្គរ» នាស្ថានីយទូរទស្សន៍ហង្សមាស។ ដោយឡែក អ្នកនាង នារី រតន៍គន្ធា បានចូលប្រឡូកសិល្បៈភាពយន្តតាំងពីឆ្នាំ ១៩៨៧ រហូតដល់ឆ្នាំ ២០០០ អ្នកនាងក៏បានបញ្ចប់អាជីពមួយនេះទៅវិញ ដោយសារតែអ្នកនាងត្រូវរៀបការមានស្វាមីឈ្មោះ ផល្លី ជាទាហានធ្វើការលើកប៉ាល់ និងបានចេញទៅរស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០០១។

វិលមកថតភាពយន្តឡើងវិញ នៅពេលនេះ អ្នកនាង នារី រតន៍គន្ធា នឹងសម្ដែងជាតួអង្គដែលមានឈ្មោះ ជម្ពូ ជាស្ត្រីដែលមានចំណេះដឹងខាងមេផ្ទះ មានរបៀបរៀបរយអប់រំមនុស្សនៅជុំវិញខ្លួន។ អ្នកនាងនឹងសម្តែងប៉ះគ្នាជាមួយលោក ទេព រិនដារ៉ូ ជាតួអង្គបណ្ឌិតអក្សរសាស្ត្រ ឈ្មោះ ខីណាព្រាហ្មណ៍ និងមិត្តភ័ក្កចាស់ម្នាក់ទៀតគឺ អ្នកនាង អម្ពរ ទេវី ជាតួអង្គព្រះនាម អ្នកអង្គម្ចាស់ស្ត្រី កាមល ជារាជនាដកាអប្សរា ជារាជគ្រូបង្ហាត់បង្ហាញព្រះកេរមរតកដ៏មហាអស្ចារ្យរបស់ជាតិខ្មែរ។
សូមជម្រាបថា នៅពេលតួអង្គ ទុំទាវ បានវិលមកសម្ដែងជុំគ្នាវិញក្នុងឆ្នាំ ២០២៣នេះ គឺពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ហើយនេះក៏ជាបំណងធំមួយរបស់អ្នកដឹកនាំរឿងផ្ទាល់ គឺឯកឧត្តម ហ្វៃ សំអាង។ ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺតារាជើងចាស់ទាំងពីររូបនេះ នៅតែរក្សាបាននូវចំណងមិត្តភាពស្អិតរមួលអស់រយៈពេល ៣០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអ្នកទាំងពីរបានសម្ដែងរឿងជុំគ្នាជាច្រើនរឿងកាលអំឡុងទសវត្សរ៍៨០និង៩០ មកម្ល៉េះ៕

