អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញស្នងការដ្ឋានខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដោយមានការចូលរួមសហការ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្ដសៀមរាប បានបើកកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់ចាប់ខ្លួនបានជនសង្ស័យ ចំនួន៥នាក់។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០២៣ វេលាម៉ោង ២២:៤០នាទី នៅលើកំណាត់ជាតិលេខ៦ ក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះ មានឈ្មោះ ម៉េង លីសុធា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅក្នុងដេប៉ូលក់អីវ៉ាន់បោះដុំ ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលបានរងរបួសលើដើមដៃផ្នែកខាងឆ្វេង ០១កន្លែងនិងខ្នងផ្នែកខាងឆ្វេង ០១កន្លែង។

ចំណែកជនសង្ស័យមានគ្នាចំនួន០៧នាក់(គេចខ្លួន០២នាក់)  ឃាត់ខ្លួន០៥នាក់។ជនង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបានរួមមាន៖

១.ឈ្មោះ ឆៃ អៀងឡេង ហៅឆ្លាំង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

២.ឈ្មោះ ហុក សំណាង ហៅបឺតភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៣.ឈ្មោះ អឿន ម៉ុងហាក់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៤.ឈ្មោះ សើ ឈុនឡេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៥.ឈ្មោះ ដុំ សុខវិសាល ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍សមត្ថកិច្ចបង្ហាញថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២០:៣០នាទី ក្រុមជនសង្ស័យបានជុំគ្នាផឹកស៊ីនៅក្នុងភូមិក្តីចាស់។ បន្ទាប់មកជនសង្ស័យឈ្មោះ វី សុភា សួរទៅជនសង្ស័យឈ្មោះ ហុក សំណាង ហៅបឺត ថា៖ អ្ហែងមានកាំបិតអត់ អញយកទៅកាប់គេមួយនៅស្ពានលេខ១៣។ ភ្លាមនោះជនសង្ស័យឈ្មោះ ហុក សំណាង បានឆាតតាម Messenger ទៅជនសង្ស័យឈ្មោះអឿន ម៉ុងហាក់ និង ឈ្មោះ សើ ឈុនឡេង ថា៖ អ្ហែងយកកាំបិតមកជួបអញ នៅហាយលែន(បុរី)។ លុះក្រោយមកជនសង្ស័យឈ្មោះ អឿន ម៉ុងហាក់ និងឈ្មោះ សើ ឈុនឡេង ក៏បានយកកាំបិតទៅឲ្យ ជនសង្ស័យ ឈ្មោះ វី សុភា ហើយក៏ជួបជុំគ្នានៅបុរីហាយលែននោះ ក្រោយពីជួបជុំគ្នា ជនសង្ស័យឈ្មោះ ហុក សំណាង ក៏និយាយថា៖ បើជ្រុលទៅកាប់ហើយ កាប់យកម៉ូតូតែម្ដងទៅ ភ្លាមនោះជនសង្ស័យឈ្មោះ វី សុភា ក៏បានយល់ព្រម បន្ទាប់មកក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូមកស្ពានលេខ១៣។ ពេលមកដល់ស្ថានីយប្រេងឥន្ធនៈ PTT ក៏នាំគ្នាចូលទៅចាក់សាំងនៅទីនោះ ពេលចាក់សាំងរួចក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូចុះឡើង រហូតដល់វេលាម៉ោង២២:៤០នាទី ក៏បានឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ហើយក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូដេញតាមពីក្រោយ។ ពេលមកដល់ចំណុចកើតហេតុ ពេលជនរងគ្រោះកំពុងចុះទៅបត់ជើងតូច ភ្លាមនោះក្រុមជនសង្ស័យទាំង ០៧នាក់ មធ្យោបាយម៉ូតូចំនួន ០៤គ្រឿង បានធ្វើសកម្មភាពកាប់ជនរងគ្រោះ ដោយជនសង្ស័យជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ជាអ្នកធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាច្រើនកាំបិត ត្រូវចំកំភួនដៃ ចំស្មា ខ្នង ពេលនោះជនរងគ្រោះក៏បានរត់ និងស្រែកឲ្យគេជួយ។ ចំណែកក្រុមជនសង្ស័យ ក៏បានយកម៉ូតូរបស់ជនរងគ្រោះ នាំគ្នាជិះសំដៅទៅទិសខាងត្បូង ចូលទឹកដីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានរត់ទៅកន្លែងធ្វើការ នៅក្នុងស្តង់ដេប៉ូលក់អីវ៉ាន់ ប្រាប់មេការឲ្យទូរស័ព្ទប្តឹងសមត្ថកិច្ច។ ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ ។

 រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១២:០០នាទី កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកមុខកំពូល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ រួមនឹងវត្ថុតាងដូចបានរៀបរាប់ខាងលើ យកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

ក្រោយពីសាកសួររួច ជនសង្ស័យទាំង០៥នាក់ បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ជនរងគ្រោះយកម៉ូតូពិតប្រាកដមែន៕

អត្ថបទ៖តាខ្មៅ

Share.