ភ្នំពេញ ៖ ជាងជួសជុលម៉ូតូ២នាក់ក្នុងនោះ មានម្នាក់រងរបួសធ្ងន់ បាក់ភ្លៅខាងស្តាំ ម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នា វ៉ាក់អើ ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តLand Cruiser បើកបរដោយបុរសជនជាតិចិន ដែលកំពុងបើកឆ្លងផ្លូវ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវជាតិ លេខ៣ ទល់មុខធនាគារABA ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឡូវ សៅណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ រស់នៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ រងរបួសធ្ងន់ បាក់ភ្លៅខាងស្តាំ ជាអ្នកបើកម៉ូតូ ចំណែកជនរងគ្រោះម្នាក់ទៀតរួមដំណើរជាមួយ រងរបួសស្រាល ។

តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ ភាគីខាងរថយន្តម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-1222 បើកដោយបុរសជនជាតិចិន ឆ្លងកាត់ទទឹងផ្លូវជាតិលេខ៣ ពីកើតទៅលិច ទាំងបង្ខំ ធ្វើឲ្យជនរងគ្រោះដែលកំពុងជិះម៉ូតូឌុបគ្នាពីត្បូងទៅជើងវ៉ាក់អើ ហ្វ្រាំងមិនទាន់ជ្រុលបុកផ្ទប់ពីទទឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ចំណែកម្នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូច លេខ ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯរថយន្តនិងម៉ូតូ រួមទាំងអ្នកបលកបររថយន្តផង ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.