សិល្បៈជាតិ៖ សារព័ត៌មានត្រយងបានទទួលដំណឹងមកថា ផលិតកម្ម Galaxy Navatra បានត្រៀមផលិតបទចម្រៀងសម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលនៅក្នុងមានតារាចម្រៀងចំនួន ៤ ច្រៀងរួមគ្នាដូចជា៖ ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា។
យ៉ាងណាមិញ គេបានដឹងថា បទចម្រៀងសម្រាប់ព្រឹត្តិការណ៍ខាងលើនេះ មានការចូលរួមនិពន្ធ និងដឹកនាំសម្រិតការផលិតដោយថ្នាក់ដឹកនាំកំពូលៗរបស់ផលិតកម្មដូចជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧកញ៉ា យឹម តាស្រង់ ឯកឧត្តម ហ៊ឹម នភា ឯកឧត្តម ខេមរៈ ភារុណ លោក សុខ ជំនោរ និងលោក ខាំ ភូរិ។ នេះគឺជាលើកទីមួយ ហើយក៏ជាប្រវត្តិសម្រាប់កំពូលតារាចម្រៀងទាំងបួនរបស់ផលិតកម្ម ហ្គាឡាក់ ណាវ៉ាត្រា ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៧០ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” ហើយកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡា ASEAN Para Games លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕

