អ្វីទៅជា FATF?៖ ពាក្យពេញរបស់ FATF គឺ Financial Action Task Force on money laundering មានន័យថា ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់។ ស្ថាប័ននេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៩ ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនG7 ដើម្បីឃ្លាំមើលការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលខុសច្បាប់។ FATF មានមូលដ្ឋាននៅទីក្រុងប៉ារីសប្រទេសបារាំង។ គិតត្រឹមឆ្នាំ២០២២ FATF មានប្រទេសជាសមាជិកប្រមាណជា៤០ ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាដែរ។

សវតាកម្ពុជាចូលជាសមាជិក៖ កម្ពុជាបានចូលជាសមាជិកក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្ដីពីការប្រឆាំងការសម្អាតប្រាក់ ឬAsia Pacific Group on Money Laundering ហៅកាត់ថា APG ដែលជាសាខាដ៏ថ្នាក់តំបន់របស់ក្រុមការងារហិរញ្ញវត្ថុ Finance Action Task Force ហៅកាត់ថា FATF នៅឆ្នាំ២០០៤។

ក្រោយក្លាយជាមាជិក FATF កម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តកាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មជាប្រចាំ ស្របតាមការវិត្តន៍ថ្មីៗ និងវិធានការថ្មីៗដែលកំណត់ដោយAPG និងFATF។ កម្ពុជាបានរៀបចំក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌស្ថាប័នបន្តបន្ទាប់ រួមមានការបង្កើតច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្មនៅឆ្នាំ២០០៧ ក្រោយមកបានវិសោធនកម្មនៅឆ្នាំ២០១៣ និងបន្តបង្កើតច្បាប់ថ្មីនៅឆ្នាំ២០២០ ទន្ទឹមគ្នានឹងការបង្កើតច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មដល់ការរីកសាយភាពអាវុធមហាប្រល័យ​ ហៅកាត់ គ.ស.ហ នៅឆ្នាំ២០១២ ដែលពេលនោះមានឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្រ្តី អតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធាន និងបច្ចុបន្នស្ថិតក្រោមការដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

រាជរដ្ឋាភិបាលក៏បានបង្កើតក្រុមប្រឹក្សាភិបាល និងអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជាហៅកាត់ថា ស.ហ.ក ដើម្បីដើរតួនាទីជាស្ថាប័នកណ្ដាលថ្នាក់ជាតិ ទទួលរបាយការណ៍ទពីបុគ្គលរាយការណ៍ និងសម្របសម្រួលការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្មជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងស្រុក និងក្រៅស្រុក ជាមួយជាមួយអង្គភាពស៊ើបការហិរញ្ញវត្ថុបរទេសដែលជាដៃគូ អង្គការជាតិ អន្តរជាតិ ក្នុងតំបន់ និងពិភពលោក។

FATF ដាក់កម្ពុជាចូលក្នុងបញ្ជីប្រផេះ៖ ទោះបីកម្ពុជាបានបង្កើតយន្តការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ជាបន្តបន្ទាប់ដូចបានបញ្ជាក់នេះក៏ដោយ ក៏ក្រុមការងារហិរញ្ញវត្ថុ FATF នៅតែបន្តដាក់កម្ពុជាចូលក្នុងបញ្ជីប្រផេះលើកទី២ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។ FATF បានដាក់ចេញផែនការកម្មភាពដែលត្រូវការបង្ហាញនូវលទ្ធផលជាក់ស្ដែងចំនួន៧ (Immediate Outcomes) ហៅកាត់ថាIOs។

ផែនការសកម្មភាពនេះក៏បានក្លាយជាអាទិភាពដែលកម្ពុជាបានខិតខំអនុវត្ត និងរាយការណ៍វឌ្ឍនភាពនៃការអនុវត្តរៀងរាល់៤ខែម្ដង បានចំនួន៨លើក ហើយជាលទ្ធផល FATF បានទទួលយកលទ្ធផល៣ចំណុច និងស្នើកម្ពុជាបន្តធ្វើឱ្យសម្រេចលទ្ធផល៤ទៀត សម្រាប់ការពិចារណាដកចេញពីបញ្ជីប្រផេះ។

ដោយពិនិត្យឃើញភាពបន្ទាន់ និងចាំបាច់ក្នុងការបំពេញផែនការសកម្មភាពនៅដក់សេសសល់សម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពលើកទី៩ ដែលកំណត់ត្រឹមខែមេសា ឆ្នាំ២០២២ ដើម្បីឈានទៅដកកម្ពុជាចេញពីបញ្ជីប្រផេះបានឆាប់រហ័សនោះ សម្ដេចក្រឡាហោម ស ខេង ប្រធាន គ.ស.ហ បានផ្ដល់អនុសាសន៍កែសម្រួលសមាសភាព និងវិសាលភាពរបស់ គ.ស.ហ ឱ្យបានទូលាយ និងបង្កើតអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពដែលនៅសេសសល់ទាំង៤។

សកម្មភាពទាំង៤នោះ រួមមានកម្មភាពទី១ នៃIO-៦ តម្រូវឱ្យអង្គភាពសើបការហិរញ្ញវត្ថុអន្តរជាតិ ត្រូវបង្កើនចំនួនធនធានមនុស្ស បង្កើន និងជំរុញការវិភាគលើរបាយការណ៍អំពីប្រតិបត្តិការសង្ស័យ និងបង្កើនការបញ្ជូនរបាយការណ៍ទៅអាជ្ញាធរអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធ, សកម្មភាពទី២ នៃIO-៧ តម្រូវឱ្យកម្ពុជាបង្ហាញពីការកើនឡើងនៃចំនួននៃការស៊ើបអង្កេត ការចោទប្រកាន់ និងការផ្តន្ទាទោសបទល្មើសសម្អាតប្រាក់ដែលពាក់ព័ន្ធនឹងបទល្មើសសម្អាង, សកម្មភាពទី៣ នៃIO-8តម្រូវឱ្យកម្ពុជាបង្ហាញពីការបង្កកនឹងការរឹបអូសផលនៃបទល្មើស ឧបករណ៍មធ្យោបាយប្រព្រឹត្តបទល្មើស ឧបករណ៍មធ្យោបាយប្រព្រឹត្តបទល្មើស និងទ្រព្យសម្បត្តិដែលមានតម្លៃស្មើ និងសកម្មភាពទី៤ IO-១១ដែលតម្រូវឱ្យកម្ពុជាបង្ហាញពីការអនុវត្តការដាក់ទណ្ឌកម្មហិរញ្ញវត្ថុគោលដៅពាក់ព័ន្ធនឹងការផ្ដល់ហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ តាមរយៈការរៀបចំជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងដល់វិស័យឯកជន និងការពង្រឹងសមត្ថភាពជំនាញដល់អាជ្ញាធរអនុវត្តច្បាប់ពាក់ព័ន្ធនឹងការរីកសាយភាពអាវុធមហាប្រល័យ។

ដើម្បីជំរុញការងារសេសល់ទាំង៤នេះឱ្យទទួលបានលទ្ធផលជាអតិបមា និងដោយទទួលបានគោលការណ៍ពីសម្ដេចក្រឡាហោម អនុគណៈកម្មការចំពោះកិច្ចប្រឆាំងាការសម្អាតប្រាក់បានបង្កើតក្រុមការងារចំនួន៣ រួមមានក្រុមទី១ ដឹកនាំដោយឯកឧត្តម ស៊ុំ សិន្និសិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គភាពស៊ើបការហិរញ្ញវត្ថុកម្ពុជាទទួលបន្ទុកIO៦, ក្រុមទី២ដឹកនាំដោយឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ងី ច័ន្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សាយ សំអាត ប្រធានអង្គភាពសើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាសហប្រធានទទួលបន្ទុកIO១១ ខណៈក្រុមទី៣ ដឹកនាំដោយឯកឧត្តម កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាសហប្រធាន ទទួលបន្ទុកIO៧ និងIO៨។

កម្ពុជាដាក់របាយការណ៍ការពារភាពត្រឹមត្រូវរបស់ខ្លួន៖ ទីបំផុតកម្ពុជាឈានទៅសម្រេចបានលទ្ធផលសកម្មភាពការងារចំនួន៣ ក្នុ្ងងចំណោម៤ដែលFATFបានស្នើធ្វើឱ្យសម្រេចបាន មុននឹងខ្លួនចុះមកផ្ទៀងផ្ទាត់ព័ត៌មាន និងស្ថិតិ។ ចំណុសេសសល់ចុងក្រោយ គឺIO8 ពាក់ព័ន្ធនឹងការបង្កកនឹងការរឹបអូសផលនៃបទល្មើស ឧបករណ៍មធ្យោបាយប្រព្រឹត្តបទល្មើស ឧបករណ៍មធ្យោបាយប្រព្រឹត្តបទល្មើស និងទ្រព្យសម្បត្តិដែលមានតម្លៃស្មើ។

ក្រុមការងារទី៣ដែលទទួលបន្ទុកការងារនេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែងរហូតឈានទៅសម្រេចបានលទ្ធផលមានជាអាទិ៍ បង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងការសម្អាតប្រាក់ កើនឡើងដល់៣៧ករណី ស្មើនឹងទឹកប្រាក់ប្រមាណ២៤លានដុល្លារអាមេរិក ធៀបនឹងរបាយការណ៍ជុំទី៨ដែលមានត្រឹម៤ករណី ស្មើនឹងទឹកប្រាក់ប្រមាណ១៣ម៉ឺនដុល្លារ និងរឹបអូសទ្រព្យសម្បត្តិកើនដល់១១លានដុល្លារ ធៀបនឹងរបាយការណ៍ជុំទី៩មានត្រឹម២,៥លានដល្លារ។

FATF អបអរសាទរ និងឈានទៅដល់ការចុះមក Onsite-Visit ៖ ផ្អែកលើលទ្ធផលដែលសម្រេចបានខាងលើនេះ កម្ពុជាក៏បានធ្វើរាបាយការណ៍ជុំទី១០របស់ខ្លួនផ្ញើទៅកាន់ក្រុមការងារហិរញ្ញវត្ថុ FATF នាដំណាច់ខែកក្កដា ឆ្នាំ២០២២​ ដោយ FATF ក៏បានអបសាទរកម្ពុជា ព្រមទាំងបានដាក់កាលបរិច្ឆេទចុះមកបំពេញបេសកម្មផ្ទៀងទាត់ព័ត៌មាន និងស្ថិតិ ជាមួយនឹងការចុះជួបក្រុមគោលដៅមួយចំនួននៅកម្ពុជា ឬហៅថា​ Onsite-Visit

ដូចការគ្រោងទុក នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រឆាំងការសម្អាតប្រាក់ ដឹកនាំដោយលោកស្រី ម៉ាលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការក្រុមការងារហិរញ្ញវត្ថុ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនេះ លោកស្រី ម៉ាលីន បានសម្ដែងនូវសេចក្ដីរីករាយ ដោយបានដឹកនាំប្រតិភូមកកាន់កម្ពុជា។ លោកស្រី ម៉ាលីន ក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ហើយបានលើកទឹកចិត្តកម្ពុជាឲ្យនាំមុខប្រទេសដទៃទៀតលើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍន៍បៃតង។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោកស្រី ម៉ាលីន និងប្រតិភូទាំងមូលមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូទាំងមូលអំពីយុទ្ធសាស្ត្រទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ និងបានជម្រាបជូនប្រតិភូទាំងមូលផងដែរ អំពីកិច្ចផ្ដួចផ្ដើមការអភិវឌ្ឍបៃតង ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាកន្លងមកនេះ។

ក្រោយបញ្ចប់ជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រតិភូនេះ បានបន្តជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម នៅមានសន្តិភាព។

ហ្វេសប៊ុកផេកសម្ដេចក្រឡាហោម បានចេញផ្សាយថានៅក្នុងជំនួបនោះ សម្ដេចក្រឡាហោម ក្នុងនាមជាប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យបានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់របស់គណៈប្រតិភូមកកាន់កម្ពុជានាឱកាសនេះ។

សម្ដេចក្រឡាហោមបានជម្រាបជូនគណៈប្រតិភូថាសម្ដេចសូមចូលរួមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដែងនិងបញ្ជាក់ជាថ្មីម្តងទៀតនូវការប្ដេជ្ញាចិត្ត និងឆន្ទៈដ៏មោះមុតរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ។

សម្ដេចក្រឡាហោម បានរម្លឹកអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចាប់តាំងពីឆ្នាំ២០១៩ដែលមានការដាក់ចូលក្នុងបញ្ជីប្រផេះ រហូតមកដល់ពេលនេះដែលបានសម្រេចបាននូវសមិទ្ធផលសំខាន់សំខាន់មួយចំនួនទាំងនៅក្នុងក្របខ័ណ្ឌនៃការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបម្រើការងារទាំងនេះ និងការអនុវត្តទៅនឹងកិច្ចការមួយចំនួនដែលតម្រូវដោយខាងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

ជាការឆ្លើយតបតំណាងគណៈប្រតិភូនេះ ក៏បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហោម និងក្រុមការងាររបស់គណៈកម្មការសម្របសម្រួលថ្នាក់ជាតិរបស់កម្ពុជា ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរាក់ទាក់ ដល់គណៈប្រតិភូដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

លោកស្រីតំណាងគណៈប្រតិភូក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពបើកទូលាយ និងកិច្ចសហប្រតិបត្តិការការចូលរួមយ៉ាងល្អប្រសើររបស់កម្ពុជានៅក្នុងដំណើរការបំពេញការងាររបស់ក្រុមការងារលោកស្រីនៅកម្ពុជា និងបានថ្លែងនូវការកោតសរសើរផងដែរចំពោះភាគីកម្ពុជាដែលក្នុងរយៈពេលកន្លងមកនេះថ្វីត្បិតតែកម្ពុជាក៏ដូចជាបណ្ដាប្រទេសដទៃទៀតនៅលើសកលលោកទទួលរងនូវផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ភាគីកម្ពុជានៅតែបន្តខិតខំបំពេញនូវតាមផែនការសកម្មភាពអនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដោយផ្តល់នូវរបាយការណ៍ជាបន្តបន្ទាប់រហូតឈានដល់ដំណើរ ទស្សនកិច្ច  Onsite-Visit របស់គណៈប្រតិភូទាំងអស់នៅកម្ពុជានាឱកាសនេះ។

គួរកត់សម្គាល់ថាកម្ពុជាស្ថិតក្នុងបញ្ជីប្រផេះជាមួយនឹងក្រុមប្រទេសមួយចំនួនទៀតដូចជា ហ្វីលីពីន ស៊ីរី យេម៉ែន អេមីរ៉ាត់អារ៉ាប់រួម អ៊ូហ្គង់ដា ម៉ារុក ហ្សាម៉ាអ៊ីក ប៊ូគីណាហ្វាសូ និង ស៊ូដង់ខាងត្បូង រួមទាំងជម្រកពន្ធនៃកោះបាបាដូស កោះកៃម៉ាន និង កោះប៉ាណាម៉ា។ ប្រទេស កម្ពុជា ហ្វីលីពីន ត្រូវបានចាត់ទុកថា ជាប្រទេសក្នុងតំបន់អាស៊ានដែលស្ថិតនៅក្នុងបញ្ជីពណ៌ប្រផេះ ខណៈមីយ៉ាន់ម៉ា គឺជាប្រទេសទី១ ក្នុងតំបន់អាស៊ានដែលជាប់ក្នុងបញ្ជីពណ៌ខ្មៅរបស់ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់។​

ទីបំផុត នាថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ២០២៣នេះ ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិប្រឆាំងការសម្អាតប្រាក់ និង ឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុង ប៉ារីស ប្រទេសបារាំង បានប្រកាសជាផ្លូវការក្នុងការដកប្រទេសកម្ពុជា និង ប្រទេសម៉ារ៉ុក ចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ខណៈប្រទេសអាហ្វ្រិកខាងត្បូង និង នីហ្សេរីយ៉ា បានកត់ចូលក្នុងបញ្ជីប្រផេះវិញ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់អង្គការ FATF នាថ្ងៃ សុក្រ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៣។

យោងតាមសេចក្ដីប្រកាសបានបញ្ជាក់ថា «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យកំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្រ្ត នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំង និង ការសម្អាតប្រាក់ ទាក់ទងនឹងហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ ប្រទេសថ្មីៗ ដែលស្ថិតនៅក្រោមកម្មវត្ថុនៃការបង្កើនការត្រួតពិនិត្យ រួមមានអាហ្វ្រិកខាងត្បូង និង នីហ្សេរីយ៉ា ខណៈប្រទេសកម្ពុជា និង ម៉ារ៉ុក លែងជាកម្មវត្ថុនៃការត្រួតពិនិត្យបន្ថែមទៀតដោយ FATF ទៀតហើយ»។

ការប្រកាស​ដកកម្ពុជាចេញ​ពី​បញ្ជី​ប្រផេះ​ជា​ផ្លូវការ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានសេចក្តីសម្រេចចិត្ត​រប​ស់​ក្រុមការងារ ICRG របស់ FATF ក្នុង​ការដក​កម្ពុជា​ពី​បញ្ជី​ប្រផេះ នា​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​ ដោយមិនមាន​សមាជិក​ណា​ជំទាស់​ការដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នោះទេ​។ ផ្ទុយទៅវិញ​កម្ពុជា​ទទួល​បានការ​គាំទ្រ​ពី​សមាជិក​របស់ FATF ចំនួន​១៨ រួមមាន​ស្ថាប័ន​អន្តរជាតិ​២ ៖ APG និង EU Commission និង ​ប្រទេស​សមាជិក​ចំនួន​១៦​ ទៀតដូចជា​៖ អូស្ត្រាលី ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុ​ស្ស៉ី អ៊ីតា​លី ជប៉ុន ម៉ាឡេស៊ី នូ​វែ​ល​ហ្សេ​ឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និង​ សិង្ហ​បុរី​ជាដើម​។

មុនកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រេផេះ ពោលគឺក្នុងឡុងពេលប្រឹងប្រែងរំដោះខ្លួនកុំឱ្យធ្លាក់ចូលក្នុងបញ្ចីទាំងប្រផេះ និងខ្មៅ ប្រឆាំងការសម្ងាតប្រាក់នោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «អង្គភាពហិរញ្ញវត្ថុអន្តរជាតិនៅក្រោមអង្គការសហប្រជាជាតិ បានចាត់កម្ពុជាមានពណ៌ប្រផេះក្នុងវិស័យធនាគារ មូលហេតុអី? មូលហេតុ គឺបញ្ហាលាងលុយកខ្វក់។ គេថាចរាចរណ៍លុយនៅស្រុកខ្មែរគឺវាខ្មៅ វាពាក់ព័ន្ធបទល្មើស។ យើងមិនមែនទៅគាំទ្រការវាយតម្លៃនោះទេ តែយើងក៏មិនអាចបដិសេធ។ យើងត្រូវមើលឱ្យបានច្បាស់ទៅវិញទេ ថាវាមានករណីនេះឬអត់»។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ដដែលនោះ សម្ដេចបន្ថែមថា«បើកាលណាយើងមិនខិតខំប្រឹងប្រែងយកកម្ពុជាចេញពីបញ្ជីប្រផេះទេ វាទៅជាថ្ងៃណាមួយអាចចូលក្នុងបញ្ជីខ្មៅ។ ខ្ញុំសង្ឃឹមថាវាមិនដល់ទេ តែយើងមិនត្រូវអត្តនោម័ត មិនត្រូវធ្វេសប្រហែស។ ព្រោះបើចូលបញ្ជីខ្មៅមែន ប្រព័ន្ធទូរទាត់តាមប្រព័ន្ធធនាគារនៅស្រុកខ្មែរយើងឬពីស្រុកខ្មែរយើងគឺសឹងតែសេរ៉ូតែម្ដង គេនឹងស្រាវជ្រាវសិនថាលុយហ្នឹងជាលុយត្រឹមត្រូវឬលុយខ្មៅ ទម្រាំងដឹងច្បាស់វាទៅជាបញ្ហា នេះជាគ្រោះមហន្តរាយមួយធំណាស់សម្រាប់សេដ្ឋកិច្ចជាតិដែលយើងចាំបាច់ត្រូវយល់ដឹងទាំងអស់គ្នា»។

ក្រោយពីកម្ពុជា ត្រូវបានប្រកាសត្រៀមដកចេញពីបញ្ជីប្រផេះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានដាស់តឿនទៅមន្រ្តី កុំឲ្យមានមោទនភាពជ្រុលរហូតដល់ភ្លេចខ្លួន ក្នុងការទប់ស្កាត់អំពើសម្អាតប្រាក់កខ្វក់ ពេលកម្ពុជា បានរួចផុតពីបញ្ជីប្រផេះ និងថាន្រ្តីពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវខិតខំ និងសាមគ្គីគ្នា ក្នុងការការពារឲ្យបានដាច់ខាតកុំឲ្យកម្ពុជាវិលទៅចូលក្នុងបញ្ជីប្រផេះវិញ។ សម្តេចបានបន្ថែមថា«យើង នឹងដាក់ចេញទិសដៅការងារគន្លឹះៗ ជាបន្តទៀត ដើម្បីការពារលទ្ធលនេះឲ្យបានជារៀងរហូត»៕

Share.