សិល្បៈជាតិ៖ ចែអំបិលម្ទេស ដែលជាអ្នកផលិតមាតិកាវីដេអូបរិភោគអាហារចម្លែកៗជាមួយអំបិលម្ទេសនោះ កំពុងរងការរិះគន់យ៉ាងពេញទំហឹងពីមហាជនអ្នកលេងបណ្ដាញសង្គម ដោយអ្នកខ្លះបានចេញមកថ្កល់ទោសនាងចំពោះសកម្មភាពស៊ីពោះវៀនកង់និងវត្ថុជ័រផ្សេងទៀត រហូតដល់បរទេសបង្អាប់ និងវាយតម្លៃកម្ពុជា ដែលជាហេតុនាំឱ្យខូចកិត្តិយស និងកេរ្តិ៍ឈ្មោះប្រទេសជាតិ។
ត្រយង សូមដកស្រង់ Comment មួយចំនួនដែលមហាជនបានរិះគន់ចំពោះចែអំបិលម្ទេសយ៉ាងដំណំ៖
«ធ្វើអោយតែប្រទេសជិតខាងគេមើលងាយ បើមានលើកក្រោយទៀតសូមយកខួរក្បាលមកគិត ថាធ្វើទៅវាសមនឹងគេទទួលយកទេ, មិនមែនធ្វើអោយតែបាន View នឹង like ទេ!»
«យើងធ្វើឱ្យខ្មែរអត់ឱនច្រើនណាស់ពីរបីដងហើយយើងអត់កែខ្លួនទេ។»
«សុំទោសម៉ានដងហើយតាំងពីស៊ីស្បែកជើងមក ច្រាស់មិនស្គាល់ងាប់ ចង់បានលុយតាម views ក៏មិនត្រូវធ្វើចរិតអីចឹងដែរ គិតថាគេសរសើរមែន ខំទៅតិចទៀតប្រទេសមានច្បាប់ទំលាប់ តិចទៀត គេអូសក្បាលហងឯងទៅហើយ»។
«បើដឹងកំហុសហើយ ក៏ ត្រូវចេះកែប្រែទើបល្អ កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួននាំអោយប៉ះពាល់គេឯងពេញប្រទេស តែសម្រាប់ខ្ញុំវាមិនថ្វីទេ អោយតែចេះកែប្រែខ្ញុំនឹងគាំទ្ររាល់សកម្មភាពល្អរបស់អ្នកទៅថ្ងៃមុខ ខ្ញុំក៏ជាកូនខ្មែរឃើញខុសថាខុសត្រូវថាត្រូវព្រោះមិនចង់អោយទឹកដីដ៏អស្ចារ្យមួយនេះត្រូវគេមើលងាយដោយសារតែរឿងបែបនេះ។»
សូមជម្រាបថា ក្រោយមានការរិះគន់ពីមហាជនជាច្រើន ចែអំបិលម្ទេស ក៏ស្រាប់តែចេញមុខសុំទោស ប៉ុន្តែគេស្រាប់តែឃើញលោក ឯម រៀម ដែលជាបណ្ឌិតច្នៃម៉ូដសិល្បៈសហសម័យ គំនូរ និងចម្លាក់ បានលើកឡើងជាទស្សនៈផ្ទាល់ខ្លួនបែបនេះ៖
«ពេលឃើញជនជាតិគេ Bully ខ្មែរដែលជាអ្នកមានមាតិកាល្អៗ អត់ចេះជួយទេ បែរជាទំលាក់កំហុស ដូចជាជនឧក្រិដ្ឋ និងហើយខ្មែរស្រឡាញ់ខ្មែរ នេះជាការបំបាក់ទឹកចិត្តប្អូនៗជំនាន់ក្រោយ ខ្លាចហ្មងតុលាការ Facebook ស៊ូៗប្អូនស្រី Ms Jin Su ខ្ញុំគាំទ្រវីដេអូរបស់គាត់ ព្រោះមានកម្មវិធី TV Show ជាច្រើននៅបណ្តាប្រទេសដែលជាមាតិកាស៊ីអាហារប្លែក ដូចប្អូនស្រីដែលដើម្បីឈ្នះពានរង្វាន់ ព្រោះជាការសំដែង វីដេអូរបស់គាត់ល្បីលើពិភពលោក ដែលបានធ្វើមាតិកាប្លែកៗ និងមានទេពកោសល្យ តែខ្មែរមិនអោយតំលៃ»។
យ៉ាងណាមិញ បន្ទាប់លោក ឯម រៀម បានបញ្ចេញមតិផ្ទាល់ខ្លួនបែបនេះ ក៏ប៉ុន្តែមហាជនអ្នកលេងបណ្ដាញសង្គមនៅតែគាំទ្រចំពោះរូបលោក និងសកម្មភាពរបស់ចែអំបិលម្ទេស សោះឡើយ ដោយគ្រប់គ្នាចាត់ទុកថា ជាទង្វើបំពុលសង្គម និងធ្វើឱ្យអាប់ឱនកេរ្ដិ៍ឈ្មោះប្រទេសជាតិយ៉ាងខ្លាំង។
ដោយឡែក គេនៅចាំសម្ដីរបស់អ្នកនិពន្ធ ម៉ីសន សុធារី ធ្លាប់បានលើកឡើងថា អ្នកផលិតមាតិកាបែបនេះ នឹងមានវិប្បដិសារីនៅពេលក្រោយ ព្រោះការផលិតមាតិកាមិនមានការគិតគូរថ្លឹងថ្លែងឱ្យច្បាស់លាស់នៅលើបណ្ដាញសង្គម និងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ នោះនឹងជះឥទ្ធិពលមិនល្អដល់អ្នកមើល និងអ្នកជំនាន់ក្រោយ ជាពិសេសកុមារ។
ជាមួយការផ្សាយអត្ថបទនេះ មិនមែនជាការកាត់សេចក្ដីរឿងត្រូវខុសនោះទេ គ្រាន់តែជាការលើកបញ្ហាដែលកំពុងមានការវែកញែកខ្លាំងនៅលើបណ្ដាញសង្គម និងជាការសំណូមពររបស់មហាជនទៅផ្នែកពាក់ព័ន្ធសូមមានចំណាត់ការលើបញ្ហាដែលកើតឡើងជាដដែលៗនេះ។ ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះបញ្ហាខាងលើនេះ?
