ពោធិ៍សាត់ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកប្រពន្ធរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េដឹកគ្រឿងសំណង់បើកបុកពីក្រោយម៉ូតូហុងដាឌ្រីម ក្នុងសំណើរស្របទិសគ្នា ។

ហេតុការណ៍ខាងលើកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤២-១៤៣ ស្ថិតនៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះដែលបានស្លាប់នៅកន្លែងមានឈ្មោះ យ៉ែម កុសល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ចំណែកប្រពន្ធរងរបួសធ្ងន់ មានឈ្មោះ ម៉េង ស្រីល័ក្ខ ភេទស្រី អាយុ២៤ឆ្នាំ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1M-9820 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តកូរ៉េដឹកគ្រឿងសំណង់ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6380 បើកស្របទិសបុកពីក្រោយ បណ្តាលឲ្យស្លាប់ប្តី រងរបួសធ្ងន់ រីឯអ្នកបើកបររថយន្ត ចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.