ភ្នំពេញ ៖ ជនសង្ស័យជាអនិកជនខ្មែរ អាមេរិក ដែលជិះយន្តហោះមកឆក់ វាយ សម្លាប់ប្រពន្ធនៅប្រទេសកម្ពុជា ហើយព្យាយាមរត់គេចខ្លួនបាត់២ថ្ងៃ ទីបំផុតត្រូវបាន សមត្ថកិច្ចកម្ពុជា តាមចាប់ខ្លួនបានហើយ ខណៈដែលជនសង្ស័យឆ្លងចូលប្រទេសថៃតាមច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ជនសង្ស័យមានឈ្មោះ មូល ណេត ភេទប្រុស អាយុ ៦៣ឆ្នាំ ជាអនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ។ ចំណែក ជនរងគ្រោះជាប្រពន្ធ មានឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ មុខរបរ ជាងអ៊ុតសក់ រស់នៅផ្ទះលេខអា១១ ផ្លូវបេតុង បុរីkc ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រួមជាមួយកូនស្រីម្នាក់ អាយុ៥ឆ្នាំ និងមានផ្ទះមួយទៀតនៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត នៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យដោយសារភ្លើងប្រច័ណ្ឌ បានជិះយន្តហោះមកពីសហរដ្ឋអាមេរិក រួចធ្វើសកម្មភាព ឆក់ខ្សែភ្លើង វាយ សម្លាប់ប្រពន្ធ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅផ្ទះក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ហើយបម្រុងដឹកសពចេញ តែបែករឿងធ្វើឲ្យជនសង្ស័យទាញម៉ូតូស្កុបពីជិះគេចខ្លួនទៅបាត់។ក្រោយកើតហេតុនោះ កម្លាំងសមត្ថកិច្ច ជំនាញខណ្ឌ ក្រុង ក្រសួង តាមស្វែងរក អស់រយៈពេល២ថ្ងៃ ទីបំផុតសមត្ថកិច្ច អាជ្ញាធរ កម្ពុជា ចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលជនសង្ស័យព្យាយាមឆ្លងដែនចូលទៅដល់ទឹកដីប្រទេសថៃ តាមច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយពីចាប់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចប្រទេសថៃ នាំខ្លួនវិលមកកាន់ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖តាតុង សែនជ័យ

Share.