ភ្នំពេញ ៖ ទីតាំងផលិតនំបុ័ងរបស់ជនជាតិចិនមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ទាំងរថយន្តមួយគ្រឿងភ្លើងឆេះខ្ទេច ដោយសារទុស្សេចរន្តភ្លើង បង្កឲ្យភ្ញាក់ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញទៅអន្តរាគមន៍ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវលំ ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា រោងចក្រខាងលើ ផលិតនំបុ័ង ទំហំ១៥ម៉ែត្រx១០០ម៉ែត្រ ប្រក់ស័ង្កសី មានថៅកែជាជនជាតិចិន ដំណើរការផលិតនំទាំងយប់ថ្ងៃ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញខ្ទេច បន្សល់ទុកតែផេះផង់ បាក់ស្រុតទាំងដំបូល ។

តាមប្រភពបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានករណីទុស្សេខ្សែភ្លើងក្នុងរោងចក្រ បង្កជាអគ្គិភ័យ ឆាបឆេះ សន្ធោសន្ធៅឡើង បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងត្រូវបានបញ្ជូនទៅអន្តរាគមន៍ជាបន្តបន្ទាប់ បាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបរលត់ទាំងស្រុង បន្ទាប់ពីយកគ្រឿងចក្រ កកាយគំនរ បាញ់ស្រោចទឹក ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីឆេះរោងចក្រខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកពេញមួយ យប់ទល់ភ្លឺ អញាររោងចក្រត្រូវបានខ្ទេចអស់ទាំងស្រុង ទាំងទ្រព្យសម្បត្តិ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.