នៅពេលមានប្រសាសន៍អំពីការរក្សាស្ថិរភាពជាតិ ការបង្កើតការងារធ្វើ និងការបណ្ដុះបណ្ដាលយុជវជនឱ្យមានចំណេះដឹង និងជំនាញផ្សេងៗ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត និងគរុសិស្សនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នាថ្ងៃទី២៦ ខែកម្ភៈ ឆ្នាំ២០២៣នេះ បានរម្លឹកដល់យុវជនមួយចំនួនតូចក្នុងសង្គម ដែលបានជ្រុលខ្លួនដើរផ្លូវខុស ប្រណាំងម៉ូតូ បង្ហោះម៉ូតូ កាប់ចាក់គ្នាដោយដាវ ដោយកាំបិត បណ្ដាលឱ្យរបួស និងស្លាប់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាក្រុមយុវជនបង្កអសន្តិសុខក្នុងសង្គមនេះ មិនត្រឹមតែប៉ះគ្នា កាប់ចាក់គ្នាជាមួយក្រុមយុ​វជនទំនើងដូចគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កការកាប់សម្លាប់លើជនដទៃទៀត ដែលជាមនុស្សត្រឹមត្រូវសោះ ឬមិនធ្លាប់មានទំនាស់ទាល់តែសោះជាមួយក្រុមទំនើងទាំងអស់នោះ។ យ៉ាងណាក៏ដោយ សម្ដេចអះអាងថាក្រុមទំនើងទាំងនេះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយបញ្ជូនទៅពន្ធនាគារ ឬភាសាមញ្ញថាជាប់គុកជាប់ច្រវ៉ាក់។

បើតាមសម្ដេចតេជោ យុវជនដែលបង្កការលំបាកក្នុងសង្គម ធ្វើឱ្យពុកម្ដាយហូរទឹកភ្នែករាល់ថ្ងៃដូចបានបញ្ជាក់មកនេះ នឹងមិនអាចហែលឆ្លងសមុទ្រទឹកភ្នែកឪពុកម្ដាយខ្លួនបានទេ។ សម្ដេចចង់សំដៅថាអ្នកទាំងនោះ នឹងមានបាបកម្ម ព្រោះតែមានដើរផ្លូវខុសមិនស្ដាប់ម៉ែឪ។ មិនត្រឹមតែយុវជនទំនើងៗដូចខាងដើមឡើយ សម្ដេចតេជោ ក៏បានឆ្លៀតសំដៅទៅយុជនមានការចេះដឹងដែរ ដែលមិនស្ដាប់បង្គាប់ឪពុកម្ដាយ ហើយបង្កមហន្តរាយដល់ខ្លួនឯង និងសង្គម។

ការយកវេទិកាសាធារណៈថ្លែងពីរឿងក្មេងទំនើងក្នុងសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងបរិបទដែល​ប៉ុន្មានខែចុងក្រោយនេះ មានករណីក្មេងទំនើងបង្កហិង្សាវាយ កាប់ ចាក់ សម្លាប់គ្នាយ៉ាងព្រៃផ្សៃ ដោយសារតែភាពជាយុវភាពខ្វះការពិចារណា អកុសលនៃគ្រឿងស្រវឹង និងការចូលលុកលុយនៃគ្រឿងញៀនតាមភូមិ ឃុំ សង្កាត់។ ជារឿយៗ សមត្ថកិច្ចបានចាប់ខ្លួនជនល្មើសទាំងនោះបញ្ចូនទៅពន្ធនាគារ៕

Share.