សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ពីប្រធាននាយករដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមអនុក្រឹត្យដែលសម្ដេចប្រមុខរាជរដ្ឋាភិបាលបានចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៣ នឹងត្រូវបានចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាកូនប្រុសឯកឧត្តម ផៃ ប៊ុនឈឿន អតីតអភិបាលខេត្តកណ្ដាល និងបច្ចុប្បន្នជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន។ លោកធ្លាប់កាន់មុខតំណែងជាអធិការស្រុកកោះធំ ខេត្តកណ្ដាល និងផ្លាស់មកជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង។

ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ ២០២១ ជំនួសឧត្តមសេនីយ៍ទោ សៅ​ ច័ន្ទកុសល្យ ដែលចេញពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាល នគរបាលព្រំដែនវិញ។

បើតាមអនុក្រឹត្យ លោកឧត្តមសេនីយ៍ទោ ផាន់ សុផល ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ខណៈឧត្តមសេនីយទោ ឈឿន ប៊ុនឆន មិនត្រូវបានបញ្ជាក់ក្នុងអនុក្រឹត្យថានឹងទៅកាន់មុខតំណែងអ្វីនៅឡើយនោះទេ។

យ៉ាងណាក៏ដោយ ក្នុងអនុក្រឹត្យបញ្ចប់មុខតំណែងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន នោះដែរ រាជរដ្ឋាភិបាលក៏បានសម្រេចផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មកជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ មានអតីតភាពជាស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកបានចូលកាន់មុខតំណែងជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ស្រេង ជា ដែលត្រូវចូលនិវត្តន៍ កាលពីឆ្នាំ២០១៩។ តើនរណានឹងក្លាយជាស្នងការខេត្តព្រៃវែងថ្មី?

Share.