ភ្នំពេញ ៖ ជនសង្ស័យសកម្មខាងឆក់ម្នាក់ ធ្វើសកម្មភាពឆក់បានសម្រេចចំនួន៣លើក លុះដល់លើកទី៤ អស់ល័ក្ខត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូល និងខណ្ឌដង្កោ ប្រដេញតាមស្ទាក់ចាប់ខ្លួនបាន ក៏ប៉ុន្តែស្ត្រីរងគ្រោះដួលរងរបួសជើងស្តាំ។

ហេតុការណ៍ខាងលើកកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ៣ ចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យចាប់ខ្លួនបាន ឈ្មោះ រីម ចាន់ដារ៉ា ហៅហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកម្ហូនអនឡាញ ស្នាក់នៅផ្ទះជួល ខាងក្រោយសាលាជា សុីម សាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើត ភូមិល្វាសរលើ ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ឃិន ពិសី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរជាងអ៊ុតសក់ មានទីលំនៅ បុរីពិភពថ្មី១ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។ ទូរស័ព្ទដែលជនសង្ស័យឆក់យក ម៉ាកI phone 11 pro ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JK-6555 ធ្វើដំណើរវិលត្រឡប់មកពីជូនកូនដាក់សាលារៀនវិញ តាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JL-2683 តាមពីក្រោយ ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីហោប៉ាវអាវ ខាងមុខ បានសម្រេចហើយ ដួលជនរងគ្រោះ របួសជើងស្តាំ ស្រែកឆោឡោ ប្រជាពលរដ្ឋ ប្រជាការពារ កម្លាំងសមត្ថកិច្ច ខណ្ឌកំបូល និងខណ្ឌដង្កោ កំពុងប្រចាំការនៅក្បែរនោះស្រាប់ ប្រដេញតាម ជនសង្ស័យស្លន់ស្លោ រត់ឆ្លងផ្លូវទៅខាងភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ត្រូវបានពលរដ្ឋលោតធាក់ដួល សមត្ថកិច្ចក្របួចជាប់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំចូលលាង របួសនៅគ្លីនិកក្បែរនោះ ចំណែកជនសង្ស័យ រួមជាមួយវត្ថុតាង នាំយកទៅសាកសួរនៅប៉ុស្តិ៍ភ្លើងឆេះរទេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌកំបូល ចាត់ការបន្តតាមនីតិវិធី ។ រីឯទូរស័ព្ទត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះយកទៅប្រើវិញហើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.