កណ្តាល៖ ផឹកស្រាជាមួយបងស្រីរហូតដល់ស្រវឹង ទាញកាំបិតទៅកាប់នាយរងប៉ុស្តិ៍ស្វាយរលំរងរបួស ព្រោះខឹងរឿងរកវាយបងស្រី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៩និង០០នាទីនៅចំណុច៖ ក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះទាំង ០៣នាក់ ទី១.ឈ្មោះ សួន ឡេង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរនាយរងប៉ុស្តិ៍ស្វាយរលំ មានរបួសស្នាមរយះហូរឈាមត្រង់ក្តោងច្រមុះ។ ទី២.ឈ្មោះ រិម យូសុស ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរប្រជាការពារ រងរបួសដៃ។៣.ឈ្មោះ ខាត់ សុខេន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរអនុប្រធានភូមិលេខ៣។

ជនសង្ស័យមានឈ្មោះ ឈុំ ហេង ហៅ ឆាត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ សង្កាត់កើតហេតុ (ឃាត់ខ្លួន)។ ចំពោះវត្ថុតាងដកហូត រួមនមាន៖ ១.កាបិតប៉័ងតោ ពណ៌ខ្មៅ ០១ (របស់ជនសង្ស័យ)។ ២.ម៉ូតូ ០១គ្រឿង ម៉ាក គប់ជ្រុង ពណ៌ទឹកប៊ិក ស្លាកលេខ កណ្តាល 1J-7035។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលពេលកើតហេតុ ជនសង្ស័យបានផឹកស្រាបៀ និងស្រាថ្នាំជាមួយបងស្រីរបស់ខ្លួន ០២នាក់ទៀត រហូតដល់ស្រវឹងយ៉ាងខ្លាំង ពេលនោះបងស្រីរបស់ខ្លួនបាននិយាយប្រាប់ជនសង្ស័យថាប៉ូលិសប៉ុស្តិ៍ស្វាយរលំ រកវាយគាត់ ទើបគាត់ខឹងក៏បានយកកាំបិតប៉័ងតោ កាន់ជាប់និងដៃ ជិះម៉ូតូមួយគ្រឿងចូលដល់ក្នុងប៉ុស្តិ៍ស្វាយរលំ ដើរសួរកប៉ូលិសដែលរកវាយបងស្រីគាត់ ពេលនោះជនសង្ស័យបានយកកាំបិតដេញកាប់ទៅលើជនរងគ្រោះជានាយរងប៉ុស្តិ៍ស្វាយរលំ ពេលឃើញដូចនេះជនរងគ្រោះទាំង ០៣នាក់ បាននាំគ្នាទៅប្រតាយប្រតប់ដណ្តើមកាំបិតពីជនសង្ស័យ បណ្តាយជនរងគ្រោះទាំង ០៣នាក់ មានរបួសស្នាមដូចរៀបរាប់ខាងលើតែម្តង។

ក្រោយកើតហេតុក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.