សិល្បៈ​ជាតិ​៖​ បវរកញ្ញា​ សួន​ ពិសី​ បាន​តំណាង​ឱ្យ​កម្ពុជា​ទៅ​ចូល​រួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​ Miss​ Asian​ Global​ 2023​ នៅ​ទី​ក្រុង​ គូឡា​ឡាំពួរ ​ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៣​ កន្លង​ទៅ​នេះ​។​ ជាលទ្ធផល ​នៅ​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី​ ថ្ងៃ​ទី​ ២៦​ ម្សិលមិញ​នេះ​ កញ្ញា​ សួន​ ពិសី​ ឈ្នះ​បាន​មកុដ​លំដាប់​រង​ទី​ ១​ ពី​កម្មវិធី​។​

គេ​នៅ​ចាំ​បាន​ថា​ បវរកញ្ញា​ សួន​ ពិសី​ ធ្លាប់​ទទួល​បាន​តំណែង​លំដាប់​រង​ទី​ ៤​ ពី​ការ​ប្រកួត​ក្នុង​កម្មវិធី​ Miss​ Universe​ Cambodia​ កាល​ពី​ឆ្នាំ​ ២០២០​ ដែល​ជា​ឆ្នាំ​ជំនាន់​កញ្ញា​ រ៉េត​ សារីតា​ ជា​អ្នក​គ្រង​មកុដ​ MUC​2020​។​ យ៉ាង​ណា​មិញ​ កញ្ញា​ សួន​ ពិសី​ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ CIM​ ប្រគល់​តំណែង​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​តែ​ម្ដង​ ក្នុង​ការ​ទៅ​ចូល​រួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​ Miss​ &​ Mrs​ Global​ Asian​ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

សូម​ជម្រាប​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែ​កុម្ភៈ​ នេះ​ បវរកញ្ញា​ សួន​ ពិសី​ បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​​មាតុ​ប្រទេស​វិញ​ហើយ​ និង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​អ្នកគាំទ្រ​ដែល​បាន​ទៅ​រង់ចាំ​ទទួល​កញ្ញា​ពី​ច្រកចេញ​នៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​។

សម្រាប់​កញ្ញា​ សួន​ ពិសី​ គឺ​ជា​បវរកញ្ញា​ដែល​មក​ពី​ខេត្ត​ ព្រៃវែង​ មាន​កំពស់​ ១៦៨​ សង់​ទី​ម៉ែត្រ​ និង​មាន​អាយុ ​២៣​ ឆ្នាំ​។​ នៅ​ក្នុង​ពិភព​សិល្បៈ​ កញ្ញា​ធ្លាប់​ជា​តារា​សម្ដែង​ និង​បង្ហាញ​ម៉ូដ​ ប៉ុន្តែ​ក្រោយ​មក​កញ្ញា​ក៏​បាន​ចាប់អារម្មណ៍​ក្នុង​វិស័យ​បវរកញ្ញា​ហើយ​ធ្លាប់​បាន​ចូល​រួម​ប្រកួត​នៅ​កម្មវិធី​ Miss​ Grand​ Cambodia​ , Miss​ Universe​ Cambodia​ និង​កម្មវិធី​ Miss​ Tourism ​ជា​ដើម​៕

Share.