
ក្រុមកីឡាករ កីឡាការិនីកង់កម្ពុជា នឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ចំនួន២ គឺការប្រកួត UCI សម្រាប់កម្រិត C1 និងការប្រកួត MTB Thailand National championship មុនពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាចូលមកដល់។ នេះជាការលើកឡើងរបស់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន។
ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិទោចក្រយាន ទាំងប្រភេទកង់ភ្នំ និងកង់គួកកម្ពុជា នឹងត្រូវចេញទៅចូលរួមប្រកួតប្រជែងបង្កើនសិទ្ធផលឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត គឺការប្រកួត UCI សម្រាប់កម្រិត C1 នៅថ្ងៃទី០១ ដល់ទី០២ ខែមីនា ឆ្នាំ២០២៣ និងការប្រកួត MTB Thailand National championship ពីថ្ងៃទី០៤ ដល់ទី០៥ ខែមីនា ឆ្នាំ២០២៣ នៅខេត្ត Phichitប្រទេសថៃ ដែលគ្រោងនឹងចេញដំណើរ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ។
លោក នូ ចំរើន អគ្គលេខាធិការ បង្ហាញភាពជឿជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងបានបង្កើនសិទ្ធផលកាន់តែខ្ពស់បន្ថែមទៀត ដោយសារចូលរួមប្រកួតជាមួយក្រុមកីឡាករ កីឡាការិនីខ្លាំងៗមកពីជាង១០ប្រទេស ដូចជាម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ជប៉ុន កូរ៉េ ចិន បារំាង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកជាដើម។
លោកអគ្គលេខាធិការ បញ្ជាក់ថា៖ «ការចូលរួមប្រកួតនេះ គឺដើម្បីសន្សំពិន្ទុត្រៀមឆ្ពោះទៅចូលរួមក្នុងការប្រកួតកីឡាអាស៊ី និងអូឡាំពិកហ្គេម នាពេលខាងមុខ។ ដូច្នេះ ការចូលរួមប្រកួតរបស់ក្រុមកង់កម្ពុជា មានផលប្រយោជន៍២ គឺទី១ ដើម្បីសន្សំពិន្ទុ ក្នុងការប្រកួតអន្តរជាតិផង និងទី២ គឺដើម្បីបានប្រកួតដកស្រង់យកបទពិសោធន៍ បង្កើនគុណភាពបច្ចេកទេស ត្រៀមឆ្ពោះមកចូលរួមការប្រកួតកីឡាថ្នាក់តំបន់ ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ជាលើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ»។
គួរបញ្ជាក់ថា ប្រតិភូ កីឡាករ កីឡាការិនីជម្រើសជាតិទោចក្រយានកម្ពុជា ដែលត្រៀមចេញដំណើរនេះ មានចំនួន១១នាក់ ដែលដឹកនាំដោយលោក ផេង ប៉ូលីន ប្រតិភូដឹកនាំ លោក អ៊ុច សុខវិបុល កីឡាករ៥នាក់ រួមមាន ឃឹម ម៉េងឡុង, ឆាន ឆៃហ្វុង, ក្រួច វ៉ា, ម៉ៅ សុពិសិដ្ឋ, មុត ប្រុសសុភ័ក្ត្រា និងកីឡាការិនី ខេន ម៉ាឡៃ, យត់ កន្និកា, វ៉ុន ស្រីនីត និងកីឡាការិនី អេង សុជាតា ជាប្រធានក្រុមនារី។
ខណ:ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីដ៏ធំធ្វើនៅកម្ពុជា គឺការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងធ្វើឡើងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣៕



