សិល្បៈជាតិ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ កំពុងផ្ទុះការប្រតិកម្មចេញពីសំណាក់អ្នកលេងបណ្ដាញសង្គម ដោយពួកគេស្នើសុំឱ្យអ្នករៀបចំកម្មវិធី Mister Supranational Cambodia 2023 ដកបេក្ខភាពដែលតំណាងឱ្យខេត្ត ឧត្តរមានជ័យ ចេញពីការប្រកួតប្រជែង ដោយសារតែមានករណីគូស្នេហ៍របស់បេក្ខភាពរូបនោះ បានធ្វើអត្តឃាត នៅពេលកន្លងទៅថ្មីៗនេះ។
លោក ស្រេង លីហៀង គឺជាបេក្ខភាព Mister Supranational Cambodia 2023 តំណាងឱ្យខេត្ត ឧត្តរមានជ័យ កំពុងមានប្រជាប្រិយភាព និងទទួលបានចំណាត់ថ្នាក់ Top 40 ជាផ្លូវការ ដែលទើបតែប្រកាសបាន ២ថ្ងៃមុននេះ។ ប៉ុន្តែតាមការទម្លាយរបស់អ្នកលេងបណ្ដាញសង្គមបានឱ្យដឹងថា គូស្នេហ៍របស់បេក្ខភាពរូបនេះដែលជាភេទដូចគ្នា បានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ខណៈមានសម្ពាធផ្លូវចិត្ត ព្រមទាំងមានបញ្ហាលុយកាក់ រហូតធ្វើឱ្យរូបគេគិតខ្លី ចងកបញ្ចប់ជីវិត និងបានបង្កភាពភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម កាលពីវេលាម៉ោង ៩ និង ១៥នាទីព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ។
គូស្នេហ៍របស់បេក្ខភាពខាងលើនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមគេស្គាល់ឈ្មោះថា ផេង ចាន់តារា ភេទប្រុស ជានិស្សិតអាយុ៣១ឆ្នាំ បានបញ្ចប់ជីវិតខ្លួននៅត្រង់ចំណុចផ្ទះលេខ TR.9.31 ក្នុងបន្ទប់ជាន់ទី២ ក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ។
មុនបញ្ចប់ជីវិតខ្លួនឯងភាគីជាគូស្នេហ៍បានបង្ហោះសារនៅលើគណនីផ្ទាល់ខ្លួនដែលមានឈ្មោះ ChaDara Pheng ដោយរៀបរាប់ថា ៖ « ខ្ញុំនឹងចងចាំវាទុក ក្រៅពីគ្រួសារគឺ មានតែយើងទេ ដែលដឹងថាខ្ញុំជាមនុស្សបែបណា ខ្ញុំកាន់តែឆ្ងាយពីគ្រួសារ មិនមែនយើងមិនដឹងឯណា តែហេតុអី ឈរអោបដៃមើលខ្ញុំនៅស្ថានភាពបែបនេះទៅរួច Sreng Lyheang Lyheang sreng..pu chhor…មានរបស់ជាច្រើនទៀត ដែលយើងទិញអោយគ្នា ហើយពាក់ដូចគ្នា… ហើយមានរឿងជាច្រើនទៀតដែលខ្ញុំមិនអាចនិយាយបាន…សុំសរសើរអ្នកធ្វើទៅរួច…ខ្ញុំចង់ឱ្យអ្នកជាខ្ញុំ អ្នកនឹងយល់ពីការឈឺចាប់មួយនេះ …អ្នកអាត្មានិយមខ្លាំងណាស់.. អ្នកសន្យាអីក៏មិនដែលធ្វើអោយខ្ញុំបានដែរ។ ហើយបើមានជាតិក្រោយមានមែន អ្នកត្រូវតែសងការស្រឡាញ់នឹងភាពឈឺចាប់មកអោយខ្ញុំវិញទាំងអស់…»។

យ៉ាងណាមិញ ពាក់ព័ន្ធជាមួយករណីរបស់បេក្ខភាព ស្រេង លីហៀង និងគូស្នេហ៍ ដែលអ្នកលេងបណ្ដាញសង្គមជាច្រើនបានវែកញែកនោះ ភាគីខាងស្ថាប័នបុរសឯក Mister Supranational Cambodia បានចេញសេចក្ដីប្រកាសជាផ្លូវការនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា៖ «នេះជារឿងបុគ្គលទេ ក្រុមហ៊ុនមិនមានអ្វីពាក់ព័ន្ធនោះទេ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ ចូលរួមសោកស្ដាយគ្រប់បែបយ៉ាងរឿងដែលបានកើតឡើង កម្មវិធីនៅតែបន្តជាធម្មតា សូមកុំដាក់កំហុសមកក្រុមហ៊ុនអី នេះជាជីវិតមនុស្សមិនអាចយកមកលេងសើចបានទេ កុំគិតថាកម្មវិធីចង់ល្បីយកជីវិតមនុស្សមកលេងសើច បង្កើត Drama អីសូមលើកម្រាមដៃ១០សំពះអង្វរការគិតនេះខុសហើយ»។
ក្រោយការជូនដំណឹងខាងលើនេះ សម្រាប់អ្នកលេងបណ្ដាញសង្គមបានបញ្ចេញមតិប្រតិកម្មចំពោះ បេក្ខភាព ស្រេង លីហៀង និងទទូចឱ្យស្ថានប័ន Mister Supranational Cambodia ដកបេក្ខភាពរូបនេះចេញ ដោយពួកគេបាន Comment ថា ៖
«បេក្ខភាពនេះមិនគួរទុកនៅអោយបន្តការប្រកួតឡើយព្រោះគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយ»
«Mister Supranational Cambodia តើគួរលើកទឹកចិត្តអោយបុគ្គលគ្មានទំនួលខុសត្រូវធ្វើការប្រកួតដែរឬទេ?»
«រឿងបុគ្គលមែនតែបើមានបេក្ខជនបែបនេះមិនស័ក្ដិសមនិងមានឈ្មោះប្រលងទៀតទេ មនុស្សអត់ចិត្ត អាត្មានិយម ដកចោលទៅបើទុកនាំចង្រៃឈ្មោះដល់ក្រុមហ៊ុន»
«មនុស្សមាននិស្ស័យបែបនេះមិនស័ក្ដិសមនឹងមកប្រលងកម្មវិធីគ្មានទំនួលខុសត្រូវចិត្តតិរច្ឆានព្រោះតែចង់ល្បី សុំទោសបើនិយាយខុសព្រោះមិនស័ក្ដិសមពិតមែនហើយក៏មិនគាំទ្រមនុស្សប្រភេទនេះដែរ ហួសចិត្ត»
«ធ្លាប់ជួបហើយ ឈឺចាប់ខ្លាំងណាស់ មនុស្សខ្លះគឺ អាត្មានិយមបែបនេះ ដើម្បីតែផលប្រយោជន៍ និងក្ដីសុខខ្លួនឯង សុខចិត្តបំផ្លាញទឹកចិត្ត ជាន់ឈ្លីបេះដូងមនុស្សស្មោះត្រង់ម្នាក់»
«មិនមានអ្នកណាដាក់សម្ពាធ ឬ ស្តីបន្ទោសក្រុមហ៊ុនទេ ។ តែបុគ្គលនេះ មិនស័ក្ដិសមតំណាងខេត្ត ប្រទេសរបស់កម្ពុជាទេ ។ សំណូមពរក្រុមហ៊ុនបញ្ឈប់ការប្រកួតរបស់បុគ្គលអាត្មានិយមនេះ»
«មនុស្សចរិតបែបនេះ មិនសមទុកអោយ នៅក្នុង កម្មវិធី ប្រលងទេ? ? ?»
សូមជម្រាបថា រហូតមកទល់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ គេនៅមិនទាន់ឃើញមានការបកស្រាយបញ្ជាក់ណាមួយពីបេក្ខភាព ស្រេង លីហៀង នៅឡើយទេ។ ត្រយងនឹងធ្វើបច្ចុប្បន្នភាពពីរឿងនេះបន្តទៀតនាពេលខាងមុខ ដើម្បីជម្រាបប្រិយមិត្តឱ្យបានដឹងបន្ថែមទៀត៕
