សិល្បៈអន្តរជាតិ៖ កញ្ញា lily ដែលជា Content Creator ដ៏ល្បីអូស្ត្រាលី បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីភ្លក់រសជាតិអាហារខ្មែរ នៅខេត្តសៀមរាប ហើយក្រោយមកនាងក៏បានជួបនឹងអាជីវករលក់អាហារម្នាក់ដែលជា follower របស់នាងផងដែរ។ ទីបំផុតអ្នកគាំទ្រកម្ពុជាម្នាក់បានធ្វើឱ្យ Content Creator អូស្ត្រាលីស្រក់ទឹកភ្នែក…។

នៅក្នុងវីដេអូដែល Lily ឬមានឈ្មោះគណនី Tiktok ថា BiteswithLily បានបង្ហោះកាលពីពេលថ្មីនេះបង្ហាញឱ្យឃើញថានាងបានធ្វើដំណើរចូលដល់ខេត្តសៀមរាបដើម្បីមកភ្លក់អាហារនៅទីនោះ។ ក្នុងវីដេអូនាងបានរៀបរាប់ថា៖ «នេះគឺជាថ្ងៃមួយដែលខ្ញុំគ្មានថ្ងៃបំភ្លេចបាននោះទេ ព្រោះខ្ញុំបានជួបជាមួយអ្នកគាំទ្រខ្ញុំដែលជាម្ចាស់តូបលក់អាហារនៅតាមដងផ្លូវនៅប្រទេសកម្ពុជា»។ អាជីវករលក់អាហាររូបនោះបានណែនាំអាហារខ្មែរពីរមុខដល់ Lily គឺសម្លការីក្រហម និងអាម៉ុក។ ក្រោយភ្លក់រសជាតិអាហារខ្មែរទាំងពីរមុខនេះរួចនាងបានសរសើរថាមានរសជាតិឆ្ងាញ់។

Lily បានឱ្យប្រាក់ថ្លៃអាហារដែលមានតម្លៃត្រឹមតែមួយចាន៣ដុល្លាររហូតដល់៥០ដុល្លារ រហូតធ្វើឱ្យអាជីវករលក់អាហាររំភើបរហូតស្រក់ទឹកភ្នែកនិងបាននិយាយថាតាំងពីដើមមកខ្លួនមិនដែលទទួលបានលុយថ្លៃអាហារច្រើនដូចលើកនេះទេ។
តារា Tiktok អូស្ត្រាលីបានផ្ដល់ហេតុផលដែលខ្លួនប្រគល់លុយទាំងអស់នេះដល់អាជីវករលក់អាហារព្រោះតែមើលឃើញពីការខំប្រឹងធ្វើការចំណែករសជាតិអាហារក៏ឆ្ងាញ់ខ្លាំងដែរ។ ចុងក្រោយអាជីវករខ្មែរបាននិយាយជាភាសាអង់គ្លេសថាស្វាគមន៍មកប្រទេសកម្ពុជា។
បន្ទាប់ពីចេញផុតពីកន្លែងទទួលទានអាហារ Lily ទប់ទឹកភ្នែកលែងហើយនិយាយពាក្យក្នុងចិត្តរបស់ខ្លួនថា
«បានជួបពួកគេធ្វើឱ្យមួយថ្ងៃពេញរបស់ខ្ញុំមានន័យណាស់ និយាយតាមត្រង់ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលណាស់ ខ្ញុំមិនដែលធ្លាប់ស្រមៃទេថា ខ្ញុំបានជួបអ្នកគាំទ្រខ្ញុំនៅក្នុងប្រទេសកម្ពុជា ហើយពួកគេគឺជាម្ចាស់តូបលក់អាហារតាមផ្លូវតាមទៀត ខ្ញុំអាចតបស្នងនិងធ្វើអ្វីបែបនោះ ធ្វើឱ្យពួកគេរីករាយ វាពិតជាធ្វើឱ្យបេះដូងខ្ញុំរីករាយខ្លាំងណាស់»។
មុននឹងមកដល់ខេត្តសៀមរាបដែលជាទឹកដីអច្ឆរិយៈ Lily បានទៅភ្លក់រសជាតិអាហារ និងភេសជ្ជៈជាច្រើនមុខនៅក្នុងផ្សារធំថ្មី។អាហារជាច្រើនមុខដែលនាងបានភ្លក់នៅភ្នំពេញមានដូចជាមាន់អាំង មឹកអាំង សាច់គោអាំង និងបបរត្រី ដង្កៀបក្ដាមស្ងោរ បង្អែម ទឹកអំពៅ និងទឹកតែបៃតង់ជាដើម។
Biteswithlily គឺជា Content Creator ជនជាតិអូស្ត្រាលីដ៏ល្បីល្បាញម្នាក់ទាំងនៅលើ Tiktok និង Instagram ព្រោះនារីរូបនេះគឺជាអ្នកភ្លក់និងណែនាំអាហារ ភេសជ្ជៈ បង្អែមឆ្ងាញ់ៗនិងប្លែកៗមកពីគ្រប់ទិសទីដល់អ្នកដែលតាមដានទស្សនាវីដេអូរបស់នាង។
Content Creator រូបនេះល្បីល្បាញណាស់នៅលើ Tiktok ព្រោះមានចំនួន followers រហូតដល់១.៨លាន និងចំនួនចុច បេះដូងរហូតដល់៦១.២៤លាន គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
