ស្វាយរៀង៖ ក្មេងប្រុសស្រី១គូ សម្រេចចិត្តយកចាក់សាំងដុតសម្លាប់ខ្លួនទាំង២នាក់ក្នុងផ្ទះសំណាក់ សង្ស័យខឹងក្រុមគ្រួសារ​បំបែកមិនស្រលាញ់គ្នា ព្រោះតែខាងស្រីនៅក្មេងខ្ចីពេកទើបអាយុជាង១០ឆ្នាំង ឯខាងប្រុសវ័យជាង៣០ឆ្នំាំប៉ុណ្ណោះ។

ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះសំណាក់7777 បន្ទប់លេខ១៩ ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។

ភាគីខាងប្រុស ឈ្មោះ វ៉ន ញ៉ាញ់ អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។ ចំណែកភាគីខាងស្រី មានឈ្មោះ អាន ចិន្តា អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។ អ្នកទាំង២ជាគូសង្សារនឹងគ្នា ។

តាមការបំភ្លឺពីឈ្មោះ ជុំ ស៊ីថា ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់ បានឲ្យដឹងថា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ជនទាំង២នាក់បានទៅជួលបន្ទប់លេខ១៩ ដេកសម្រាកមួយយប់ ស្រាប់តែនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្រាប់តែមានភ្លើងឆេះក្នុងបន្ទប់លេខ១៩ ទើបផ្អើលឆោឡោ ពន្លត់ភ្លើងហើយ មនុស្ស២នាក់បានស្លាប់ឱបគ្នា ។

ជុំវិញករណីខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ អាជ្ញាធរ គ្រូពេទ្យ ក្រោមការសម្របសម្រួលពីលោក បូរា  ព្រះរាជអាជ្ញារងសាលាតំបូងខេត្តស្វាយរៀង ធ្វើការសាកសួរ ស្រាវជ្រាវ ពិនិត្យកោសល្យវិច័យ ឃើញថា ជនប្រុសស្រីទាំង២នាក់ ស្លាប់ដោយចាក់សាំងដុតសម្លាប់ខ្លួន ។

ចំពោះដើមចមឈានដល់អ្នកទាំងពីរសម្រេចបញ្ចប់ជីវិតបែបនេះ ផ្តើមចេញពីសេចក្តីស្នេហា ត្រូវបានក្រុមគ្រួសារបំបែកបំបាក់ រារាំងមិនឲ្យកូនស្រីយកប្រុសចាស់ ផ្ទុយពីគំនិតពួកគេ ដែលសាងស្នេហ៍ ស្រឡាញ់ចាក់ទឹកមិនលិច ។

ក្រោយពីសមត្ថកិច្ចពិនិត្យកោសល្យវិច័យរួច សាកសពទាំង២នាក់ បានប្រគល់ជូនក្រុមគ្រួសាររៀងខ្លួន ដើម្បីចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.