សិល្បៈជាតិ ៖ ថ្មីៗនេះ តាមការបង្ហោះរបស់តារាចម្រៀងស្រី តន់ ចន្ទសីម៉ា បានឱ្យដឹងថា កញ្ញានឹងច្រៀងរួមគ្នាជាមួយអ្នកនាង ឱក សុគន្ធកញ្ញា ក្នុងបទចម្រៀងរួមគ្នាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣នេះ។
ដ្បិតជ្រកក្រោមផលិតកម្មផ្សេងគ្នាក៏ពិតមែន ប៉ុន្តែនេះគឺជាឱកាសមាសបំផុតសម្រាប់តារាចម្រៀងស្រី តន់ ចន្ទសីម៉ា ដែលកញ្ញាអាចសម្រេចបំណងរបស់ខ្លួនក្នុងការច្រៀងជាមួយគ្រូបង្វឹក បន្ទាប់ពីកញ្ញាប្រឡងចប់ពីកម្មវិធី The Voice Cambodia រដូវកាលទី ២ កាលពីឆ្នាំ ២០១៦។ នៅពេលនោះ សីម៉ា មិនទទួលបានពានពីកម្មវិធីឡើយ និងបានបញ្ចេញសមត្ថភាពត្រឹមវគ្គ Live Show សប្ដាហ៍ទី ៣ ប៉ុណ្ណោះ។
សព្វថ្ងៃនេះ គេអាចនិយាយថា តន់ ចន្ទសីម៉ា គឺជាគ្រាប់ពេជ្រមួយគ្រាប់របស់ផលិតកម្ម Galaxy Navatra ហើយអ្នកនាង ឱក សុគន្ធកញ្ញា ក៏ជាគ្រាប់ពេជ្រសំខាន់បំផុតរបស់ផលិតកម្មហង្សមាស។ តន់ ចន្ទសីម៉ា ហាក់មានក្តីរំភើបចិត្តយ៉ាងខ្លាំង ដែលទទួលបានឱកាសកម្រនេះ ហើយក៏បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនពេញចិត្តជាខ្លាំងផងដែរ។
តន់ ចន្ទសីម៉ា បង្ហោះសារថា ៖ «ខ្ញុំសូមគោរពអរគុណលោកអ៊ំឯកឧត្តមរដ្ឋមន្ត្រី ខ្ញុំពិតជាមានក្ដីរំភើបបំផុត ដែលលោកបានរៀបចំឱ្យនាងខ្ញុំច្រៀងជាមួយអ្នកគ្រូ ឱក សុគន្ធកញ្ញា ក្នុងបទស៊ីហ្គេមផ្លូវការ»។ មែនទែនទៅ សីម៉ា តែងតែចាត់ទុកអ្នកនាង ឱក សុគន្ធកញ្ញា ជាគ្រូដ៏មានគុណបំណាច់ក្នុងអាជីពសិល្បៈជានិច្ច ដែលសមនឹងពាក្យចាស់ពោលថា «គ្រូមួយថ្ងៃ គឺគ្រូមួយជីវិត»។
សូមជម្រាបថា ក្រៅពីច្រៀងចម្រៀងរួមគ្នាជាមួយអ្នកនាង ឱក សុគន្ធកញ្ញា ក្នុងបទចម្រៀងស៊ីហ្គេមហើយនោះ តន់ ចន្ទសីម៉ា ក៏ត្រូវបានច្រៀងរួមគ្នាជាមួយតារាប្រុសដូចជា លោក ព្រាប សុវត្ថិ លោក ខេមរៈ សីរីមន្ត និងលោក ខេម ក្នុងបទចម្រៀងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ នេះជាប្រវត្តិសាស្ត្រថ្មីផងដែរ៕
