សិល្បៈជាតិ៖ គិតរហូតមកទល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ លោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតរបស់អ្នកនាង ខាត់ សុឃីម បានលាចាកលោកនេះអស់រយៈពេល ១០០ ថ្ងៃហើយ។ មរណភាពរបស់តារាកំប្លែង និងជាសិល្បករពហុជំនាញផ្នែកបុរាណរូបនេះ បានធ្វើឱ្យមហាជនសោកស្ដាយស្រណោះជាពន់ពេក។
ចំថ្ងៃបុណ្យខួប ១០០ ថ្ងៃរបស់លោក ខាត់ ចំរើន នៅលើបណ្ដាញសង្គមហ្វេសប៊ុក អ្នកនាង ខាត់ សុឃីម បានបង្ហោះសារយ៉ាងកម្សត់ថា ៖ «១០០ថ្ងៃរបស់ឯងហើយ នេះជាការចាកចេញដ៏កម្សត់បំផុត អាប្អូនប្រុស ថ្ងៃនេះ សូមឯងទៅកាន់ឋានសុខ ជាតិណាៗ សូមអោយឯង អាយុវែង (ក្តីស្រលាញ់ នឹករលឹក) អាភ្នែកលឿង»។

គេនៅចាំថា លោក ខាត់ ចំរើន បានទទួលមរណភាពនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារជំងឺខូចក្រលៀន ក្រិនថ្លើម និងគាំងបេះដូង។ នៅពេលនោះ អ្នកនាង ខាត់ សុឃីម បានប្រាប់មកអ្នកសារព័ត៌មានថា ប្អូនប្រុសរបស់អ្នកនាងបានសន្លប់បាត់ស្មារតីអស់មួយថ្ងៃ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាននោះទេ ទើបទទួលមរណភាពតែម្ដងដោយសារគាំងបេះដូងតែម្ដង។
សូមជម្រាបថា លោក ខាត់ ចំរើន កើតនៅឆ្នាំ១៩៨២ គឺជាសិល្បករពហុជំនាញផ្នែកបុរាណមួយរូប ដោយលោកអាចលេងកំប្លែង ច្រៀងចម្រៀងបុរាណ សម័យ រួមនឹងទេពកោសល្យជាច្រើនផ្សេងទៀត។ នៅក្នុងពិភពសិល្បៈ លោកមានឈ្មោះមួយទៀត គឺ នាយកន្តេះឡង់ ជាកូនទីពីរក្នុងចំណោមបងប្អូន៩នាក់នៃគ្រួសារត្រកូលខាត់ ដោយមានអ្នកនាង ខាត់ សុឃីម ជាកូនច្បង។ ប្អូនៗ៧នាក់ទៀតរួមមាន លោក ខាត់ សារ៉ុម លោក ខាត់ សារ៉េម កញ្ញា ខាត់ ស្រីវង លោក ខាត់ អាយ៉ៃ លោក ខាត់ សេរី កញ្ញា ខាត់ សួស្តី និងលោក ខាត់ ណាចា។ មរណភាពរបស់លោកគឺជាការបាត់បង់អ្នកសិល្បៈដ៏ប៉ិនប្រសព្វមួយរូប ដែលមហាជនសោកស្ដាយបំផុត៕
