កម្ពុជាទទួលបានវ៉ាក់សាំងការពារជំងឺផ្ដាសាយបក្សីចំនួន ៣,០០០ដូស ពីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃ ច័ន្ទ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Khmer Times នាថ្ងៃ អង្គារ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៣។

អង្គការសុខភាពពិភពលោក បានផ្ដល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់កម្ពុជា បន្ទាប់ពីកម្ពុជាបានរកឃើញករណីផ្ដាសាយបក្សី H5N1 សម្លាប់ក្មេងស្រីម្នាក់នៅខេត្ត ព្រៃវែង។

រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោកស្រី យក់ សម្បត្តិ បញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា វ៉ាក់សាំងផ្ដាសាយបក្សីត្រូវបានទទួលដោយក្រុមការងារនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង នៃក្រសួងសុខាភិបាល។ លោកស្រីបន្ថែមថា វ៉ាក់សាំងនេះនឹងត្រូវចែកចាយដល់សហគមន៍ដែលសង្ស័យថាមានករណីផ្ដាសាយបក្សី ដូចជាស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

បន្ទាប់ពីមានការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រសួងសុខាភិបាល ចំពោះករណីជំងឺផ្ដាសាយបក្សីក្នុងខេត្ត ព្រៃវែង លោកស្រីបន្ថែមថា ស្ថានភាពជំងឺនេះ មិនមានសភាពគួរឲ្យព្រួយបារម្ភនោះទេ។

ទាក់ទិននឹងបញ្ហានេះ ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានរកឃើញមនុស្ស ១២នាក់ បានប៉ះពាល់ជាមួយក្មេងស្រីអាយុ​ ១១ឆ្នាំ កើតជំងឺផ្ដាសាយបក្សី H5N1 និង បានបាត់បង់ជីវិតកាលពីថ្ងៃទី ២២ ខែ កុម្ភៈ កន្លងទៅនៅខេត្ត ព្រៃវែង ក្នុងនោះមានអ្នកប៉ះពាល់ ៤នាក់ បានចាប់ផ្ដើមចេញរោគសញ្ញា៕

ប្រភព៖ Khmer Times

ចុចអាន៖ ប្រុងប្រយ័ត្ន! ជំងឺផ្ដាសាយបក្សីផ្ដាច់ជីវិតកុមារីម្នាក់នៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង

Share.