ភ្នំពេញ ៖ ម៉ូតូហុងដាវ៉េវមួយគ្រឿង ជិះដោយបុរសម្នាក់ ស្រវឹងស្រា បើកបោះពួយល្បឿនលឿន ជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ឈឹងនៅកន្លែង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៧ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ បេង វ៉េង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកកក់ ខេត្តតាកែវ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1W-6870 ជាមធ្យោបាយ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ក្នុងសភាពស្រវឹងស្រា ល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឲ្យដួលម្នាក់ឯងរងរបួសធ្ងន់ សន្លប់បាត់ស្មារតី ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលា ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ៣ រងចាំប្រគល់ជូនជនរងគ្រោះវិញនៅពេលក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.