
គណៈកម្មាធិការជាតិរៀបចំ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានប្រកាសបើកចុះឈ្មោះសម្រាប់អ្នកសារព័ត៌មានក្នុងស្រុក និងបរទេស និងការធ្វើប័ណ្ណសម្រាប់សារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានបំណងចង់យកព័ត៌មានកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា អាចចុះឈ្មោះបានតាមរយៈគេហទំព័រ https://seagames2023media.inb.gov.kh ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
អ្នកសារព័ត៌មានដែលចាប់អារម្មណ៍តម្រូវឱ្យភ្ជាប់មកជាមួយដូចខាងក្រោម៖
- រូបថត 4 x 6 ជាទម្រង់ (.jpg)
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
- ប័ណ្ណសារពត៌មានដែលមានសុពលភាព
- លិខិតប្រគល់ភារកិច្ច (លិខិតបេសកកម្ម)
អ្នកសារព័ត៌មានដែលគ្មានលិខិតឆ្លងកាត់ដែលចេញដោយគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) មិនត្រូវបានអនុញ្ញាតឱ្យចូលទៅគ្រប់កន្លែងប្រកួត និងមជ្ឈមណ្ឌលសារព័ត៌មានធំឡើយ។
តំណាងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអាស៊ានបានបន្ថែមថា ពួកគេតម្រូវឱ្យចុះឈ្មោះតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសរៀងៗខ្លួន។ គណៈកម្មាធិការនឹងផ្តល់អាទិភាពក្នុងការទទួលអង្គភាពប្រព័ន្ធផ្សព្វផ្សាយណាមួយដែលបាន និងកំពុងផលិត និងផ្សាយព័ត៌មានកីឡា ឬផ្សព្វផ្សាយកម្មវិធីព័ត៌មានកីឡាជាទៀងទាត់។
គួរបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕
ប្រភព៖ Cambodia 2023
