ករណីមន្ដ្រីរដ្ឋបាលព្រៃឈើ ចុះទៅចាប់សត្វក្ងោករបស់ប្រជាពលរដ្ឋដែលចិញ្ចឹមលក្ខណៈគ្រួសារ នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេនាំឲ្យមានការជជែកវែកញែកនៅតាមបណ្តាសង្គម រហូតដល់សំណូមទៅប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៍ចំពោះករណីនេះផងដែរ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាបន្ទាន់ឲ្យមន្ដ្រីដែលទទួលខុសត្រូវ ក្នុងការចាប់ សត្វក្ងោកនៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់វិញដល់ផ្ទះនៅថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៣នេះ។

តាមរយៈសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយនៅវេលាថ្ងៃត្រង់ថ្ងៃទី២៨ខែកុម្ភៈ សម្តេចតេជោ បានបញ្ជាយ៉ាដូច្នេះថា« ខ្ញុំមិនយល់ស្របនឹងទង្វើបែបនេះនោះទេ យើងគួរតែលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជ ប្រសើរជាងទៅចាប់សត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ ខ្វះការយកចិត្តទុកដាក់»។
សូមរំលឹកថា ថ្មីៗសមត្ថកិច្ចបានចុះទៅរឹបអូសយកសត្វក្ងោកចំនួន២១ក្បាលពីផ្ទះរបស់លោក យឹម សំអឿនបន្ទាប់ពីលោកបានប្រកាសលក់ក្ងោកដោយមានដាក់ទាំងលេខទូរស័ព្ទសម្រាប់ទាក់ទងផងដែរ។ ក្រោយការចុះទៅរឹបអូសរួចមក សមត្ថកិច្ចបានយកក្ងោកទាំង២០ក្បាល ត្រូវបានយកមកដល់មជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វភ្នំតាម៉ៅនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ទាក់ទងទៅនឹងករណីចុះទៅរឹបអូសក្ងោកពីអ្នកចិញ្ចឹមនៅតាមផ្ទះនេះ រដ្ឋបាលព្រៃឈើ បានអះអាងថា ក្រុមការងារបានបើកការស៊ើអង្កេតច្បាស់លាស់មុនការចុះអនុវត្តនីមួយៗ ដោយជាលទ្ធផលបញ្ជាក់ថា បុគ្គលនេះបានធ្វើការជួញដូរសត្វក្ងោក តាមប្រព័ន្ធហ្វេសបុក ទូរសព្ទ និងមានភស្តុតាងដទៃទៀត។
បើតាមរដ្ឋបាលព្រៃឈើ សត្វក្ងោក (Green Peafowl) ឈ្មោះវិទ្យាសាស្រ្ត (Pavo muticus) ជាប្រភេទសត្វស្លាប ស្ថិតនៅក្រុមប្រភេទសត្វព្រៃមានដោយកម្រ យោងតាមប្រកាសលេខ០២០ ប្រក.កសក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៧ ស្តីពីចំណាត់ថ្នាក់ និងបញ្ជីឈ្មោះប្រភេទសត្វព្រៃ និងក្នុងឧបសម្ព័ន្ធទី២ នៃអនុសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ ប្រភេទរុក្ខជាតិ និងសត្វព្រៃជិតផុតពូជ (CITES)។

ចំពោះការធ្វើពាណិជកម្មល្មើសច្បាប់ ត្រូវផ្តន្ទាទោស ក្រោមបទល្មើសថ្នាក់ទី២ ដោយត្រូវជាប់ពន្ធនាគារពីមួយ(១)ឆ្នាំ ទៅប្រាំ(៥)ឆ្នាំ និងត្រូវពិន័យជាប្រាក់ពីមួយលាន (១០,០០០,០០០)រៀល ទៅដប់លាន (១០០,០០០,០០០)រៀល ឬផ្តន្ទាទោសណាមួយ នៃទោសទាំងពីរ វត្ថុតាងទាំងអស់ត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ (មាត្រា៩៨ នៃច្បាប់ស្តីពីព្រៃឈើ)។ ករណីបទល្មើសសត្វព្រៃមានសភាពធ្ងន់ធ្ងរ ការចោទប្រកាន់ត្រូវបញ្ចូលការប្រឆាំងការលាងសំអាតប្រាក់ ដែលជាកាតព្វកិច្ចចាំបាច់របស់ប្រទេសម្ពុជា អនុលោមតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ហើយក៏ជាសកម្មភាពមួយដែលបានចូលរួមនាំឲ្យប្រទេសអាចចាកចេញពីបញ្ជីប្រផេះបាន។
