សិល្បៈជាតិ៖ តារាចម្រៀងស្រីសាច់ខ្ចី រ៉ាប៊ី ទើបតែបញ្ចេញបទចម្រៀងថ្មីនៅលើឆាណែល Cambodia NewsFeed និងគណនីហ្វេសប៊ុកផ្លូវការរបស់កញ្ញា ដែលមានចំណងជើងថា «រាំញ័រ»។ បទនេះជាបទកន្ទ្រាក់អារម្មណ៍មួយបទទៀត បន្ទាប់ពីបទ «រង្គើ» និង «ស្រារាំ» ដែលកញ្ញា រ៉ាប៊ី បានបញ្ចេញនៅឆ្នាំ ២០២២។ ក្រោយការចេញផ្សាយបទចម្រៀងនេះភ្លាម មហាជនជាច្រើនបានចាប់អារម្មណ៍ខ្លាំងទៅលើសាច់ភ្លេងនៃបទចម្រៀងនេះ។

មហាជនអ្នកលេងបណ្ដាញសង្គមបានលើកឡើងថា បទ«រាំញ័រ» គឺបានយកភ្លេងពីបទ Remix របស់ DJZ ROTH x Fii PORM ដែលផ្សាយចំណងជើងថា «ចាយរឹកអូនសមខ្លួន» មកប្រើក្នុងបទចម្រៀងរបស់ខ្លួន ដែលបទនោះគឺជាបទ Hit ខ្លាំងនៅលើបណ្ដាញសង្គម TikTok រហូតមានអ្នករាំតាមខ្ទង់លាននាក់។ យ៉ាងណាមិញ គេសង្កេតឃើញថា មិនមានមតិបន្ទោសបង្អាប់ឬប្រតិកម្មចំពោះបទថ្មីរបស់កញ្ញា រ៉ាប៊ី ឡើយ តែផ្ទុយគេឃើញមានអ្នកចូលចិត្តបទនេះច្រើន ហើយនិងលើកសរសើរថា បទនេះប្រាកដជាល្បីខ្លាំងនារដូវកាលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពាក់កណ្ដាលខែ មេសា ខាងមុខនេះជាក់ជាមិនខាន ដែលស័ក្ដិសមជាបទសម្រាប់រាំលេងកម្សាន្តសប្បាយពេលជួបជុំគ្រួសារ។

ដោយឡែក បទថ្មី «រាំញ័រ» គេបានឃើញមានការចូលរួមសម្ដែងពីបុរសសង្ហាជាកីឡាករកូនកាត់ខ្មែរ-អាមេរិក គឺលោក Nick Taylor និងបុគ្គលល្បីៗនៅលើបណ្ដាញសង្គមជាច្រើនទៀតដូចជា Pou Nom , Nook Nook និងកញ្ញា Lin ដែលអ្នកគ្រប់គ្នាបានឃើញកញ្ញាក្នុងវីដេអូជាអ្នកលក់ភេសជ្ជៈ។
សូមជម្រាបថា បទ «រាំញ័រ» ត្រូវបាន Compose ដោយ Mr. Theara ft. Vichet Fc និងបានសរសេរទំនុកច្រៀងដោយលោក រ័ត្ន តាម៉ូ ដែលជាអ្នកនិពន្ធបទចម្រៀងមានស្នាដៃល្បីជាច្រើនបទដូចជា «សុំទឹកមួយផ្តិល» «នាងដើរចាប់ក្ដាម» និង«ស្រារាំ» ជាដើម៕
