យោងតាមការចុះផ្សាយរបស់គេហទំព័រ Asean Football បានឲ្យដឹងថា លោក Michael Feichtenbeiner នឹងត្រៀមចូលកាន់តំណែងជាគ្រូបង្គោលថ្មី របស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងកិច្ចសន្យា២ឆ្នាំ ជាពិសេសត្រៀមខ្លួនក្នុងការដឹកនាំក្រុមជម្រើសជាតិមីយ៉ាន់ម៉ា សម្រាប់ព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើទី៣២ ដែលប្រទេសកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

ស្នាដៃរបស់លោក Michael Feichtenbeiner ក្នុងនាមជាគ្រូបង្វឹក៖
លោក Michael Feichtenbeiner សញ្ជាតិអាល្លឺម៉ង់ បច្ចុប្បន្នមានវ័យ ៦២ឆ្នាំ ដោយលោកធ្លាប់ដឹកនាំក្រុមបាល់ទាត់ Bintang Medan F.C. សមាជិកលីគកំពូលរបស់ប្រទេសឥណ្ឌូនេស៊ី អំឡុងឆ្នាំ២០១០ ដល់ ឆ្នាំ២០១១។

បន្ទាប់មកលោក Michael Feichtenbeiner បានទៅចូលរួមដឹកនាំជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ អាយុ១៥ឆ្នាំ ចន្លោះឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ដែលជាកំណត់ត្រាល្អបំផុតរបស់បុរសវ័យ៦២ឆ្នាំខាងលើ។

នៅឆ្នាំ២០១៩ លោកធ្លាប់ធ្វើជាគ្រូជំនួយរបស់ក្រុមក្លិប FC Liefering សមាជិកក្រុមបាល់ទាត់របស់ប្រទេសអូទ្រីស និងជាអ្នកចាត់ការទូទៅបានមួយរដូវកាលទៀតផង។ នៅឆ្នាំ២០២០ លោកបានទៅចូលរួមដឹកនាំក្រុមបាល់ទាត់ Selangor F.C. ដែលជាសមាជិកក្លិបបាល់ទាត់មួយនៅប្រទេសមីយ៉ាន់ម៉ា ចំនួន២រដូវកាល។

ខណៈនៅពេលថ្មីៗនេះ លោក Michael Feichtenbeiner នឹងត្រៀមចូលខ្លួនមកដឹកនាំក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅឆ្នាំ២០២៣ ដើម្បីជំនួសកៅអីលោក Antoine Hey ដែលបានចាកចេញពីតំណែងក្រោយ ចប់ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup ឆ្នាំ២០២២។

បច្ចុប្បន្ននេះក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ឈរនៅចំណាត់ថ្នាក់លេខ៣៣ ក្នុងតារាងចំណាត់ថ្នាក់ទ្វីបអាស៊ី និងឈរនៅលេខរៀងទី១៥៩ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក គិតត្រឹមឆ្នាំ២០២២៕

Share.