ប្រធានបទត្រយងបានចុះផ្សាយពីនីតិវិធីសម្រាប់រៀបអាពាហ៍ពិពាហ៍ពលរដ្ឋខ្មែរ និងខ្មែរ កាលពីសប្ដាហ៍មុន។ ប៉ុន្ដែមិនបានរំលេចថាតើមូលហេតុអ្វីខ្លះអាចជំទាស់ទៅនឹងគម្រោងអាពាហ៍នៅឡើយ ម៉្លោះហើយនៅពេលនេះ ត្រយងនឹងលើកឡើងនូវមូលហេតុមួយចំនួន ដែលអាចឲ្យមន្រ្តីអត្រានុកូលដ្ឋានជំទាស់ទៅនឹងគម្រោងអាពាហ៍ពិពាហ៍ដូចខាងក្រោមនេះ៖
សូមចុចអាន៖ ចំណេះដឹងពី នីតិវិធីសម្រាប់រៀបអាពាហ៍ពិពាហ៍រវាង ពលរដ្ឋខ្មែរ និងខ្មែរ

រូបតំណាង

១.អនាគតគូស្វាមីភរិយាមិនទាន់គ្រប់អាយុ៖ អនាគតប្ដី ឬប្រពន្ធមិនទាន់ដល់នីតិភាព (អាយុក្រោម១៨ឆ្នាំ) ឬក្នុងករណីដែលភាគីម្ខាងគ្រប់អាយុ តែម្ខាងទៀតមានអាយុក្រោម១៦ឆ្នាំ គឺមិនអនុញ្ញាតឲ្យដាក់ពាក្យរៀបចំអាពាហ៍ពិពាហ៍នោះទេ។

២.ប្ដីប្រពន្ធរំលាយចំណងអាពាហ៍ពិពាហ៍មិនទាន់ដាច់ស្រាច់៖ ករណីភាគីមានសហព័ទ្ធហើយ (មានប្ដី ឬប្រពន្ធ) អំឡុងពេលហាមឃាត់មិនឲ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀតក្នុងករណី ដែលនារីត្រូវបានរំលាយ ឬលុបចោលអាពាហ៍ពិពាហ៍មុន ហើយនៅមិនទាន់គ្រប់រយៈពេល១២០ថ្ងៃ។

៣.ករណីអាពាហ៍ពិពាហ៍ដែលបានធ្វើឡើងរវាងញាតិលោហិតផ្ទាល់ ឬសាខាញាតិលោហិតរហូតដល់ថ្នាក់ទី៣ និងរាប់ទាំងថ្នាក់ទី៣ផង

៤.អាពាហ៍ពិពាហ៍របស់អនីតិជនដែលមិនមានការយល់ព្រមពីអ្នកដែលមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន និងអាពាហ៍ពិពាហ៍របស់ជនវិកលចរិត (ជននៅក្រោមអាណាព្យាបាលទូទៅ) ដែលមិនមានសមត្ថភាពក្នុងការបង្ហាញឆន្ទៈ ក្នុងកម្រិតអប្បបរមាបាន។

ករណីទាំង៤ខាងលើនេះ​មន្រ្តីអត្រានុកូលដ្ឋានមានសិទ្ធិមិនអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ឬ មានសិទ្ធិប្ដឹងជំទាស់មិនឲ្យរៀបអាពាហ៍ពិពាហ៍បាន៕

Share.