រូបភាពឯកសារ សម្ដេចក្រឡាហោម ស ខេង

នាព្រឹកថ្ងៃពុធ ថ្ងៃពុធទី១ ខែមីនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីគ្រប់កម្រិត នៃសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សរុបចំនួន១.៥៥០នាក់ ក្នុងនោះនិស្សិតនារី៧៤២នាក់។

សម្រាប់និស្សិតជ័យលាភីដែលទទួលបានសញ្ញាបត្រនាឱកាសនាថ្ងៃនេះ រួមមានថ្នាក់បរិញ្ញាបត្ររងចំនួន១៥១នាក់ (នារី៥៩នាក់ស្មើ ៣៩,០៧%) ថ្នាក់បរិញ្ញាបត្រចំនួន១.១២៦នាក់ (នារី៥៩៥នាក់ ស្មើ៥២,៨៤% ) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន២៧៣នាក់ (នារី៨៨នាក់ ស្មើ៣២,២៣%)។ ក្នុងចំណោមនិស្សិតជ័យលាភីគ្រប់កម្រិត ត្រូវទទួលសញ្ញាបត្រនេះក៏មានសមណនិស្សិតចំនួន១៤អង្គផងដែរ ក្នុងនោះថ្នាក់បរិញ្ញាបត្ររង៣អង្គ ថ្នាក់បរិញ្ញាបត្រ៦អង្គ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥អង្គ។

រូបភាពឯកសារពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យ CUS កាលពីពេលកន្លងទៅ

ក្រោមអធីបតីភាពសម្ដេចក្រឡាហោម ពិធីប្រគល់សញ្ញាបត្រនឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលសុភមង្គលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា និងសមាជិកសភា ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំតាមមន្ទីរ និងស្ថាប័ននានា សមាជិកសភាពាណិជ្ជកម្ម និងសហគ្រិនវ័យក្មេងកម្ពុជា គណៈគ្រប់គ្រងតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ-ឯកជន គណៈគ្រប់គ្រង សាស្រ្តាចារ្យ គ្រូបុគ្គលិក កម្មករនៃសាខា ជាច្រើនរូបទៀត។

យោងតាមរបាយការណ៍បានឱ្យដឹងថា​ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ និស្សិតគ្រប់កម្រិតកំពុងសិក្សា នៅគ្រប់ទីតាំង សាខា របស់សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) មានសរុបចំនួន១១.៧៤៧ នាក់ (នារី៥.៧៨៨ នាក់ស្មើ៤៩,២៧%) ក្នុងនោះសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សរុបចំនួន២.៥២១ នាក់ ( នារី ១.១៣៩ នាក់ ស្មើ ៤៥,១៨% ) ដែលបានចែកចេញជាថ្នាក់បរិញ្ញាបត្ររង ចំនួន ២១០នាក់ ថ្នាក់បរិញ្ញាបត្រចំនួន១.៨៧៣នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤៣៨នាក់៕

Share.