ពីវេទិកាអធិបតីនៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត៥ពាន់នាក់ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅលេងអង្គរសង្ក្រាន្ដ ខេត្តសៀមរាប ឱ្យបានសប្បាយរីករាយ និងអះអាងថាសម្ដេចផ្ទាល់នឹងមានវត្តមានចូលរួមក្នុងព្រឹត្តិការណ៍នោះដែរ។

បើតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាឱកាសអញ្ជើញចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្តនោះ សម្ដេចនឹងអញ្ជើញជាធិបតីបើកព្រឹត្តិការណ៍នេះ ហើយសម្ដេចអាចនឹងអញ្ជើញប្រកួតអុកជាមួយដៃគូអុកដ៏ជំនិតរបស់ខ្លួន គឺឯកឧត្តម មួង សារ៉ន ដោយសម្ដេចបានមានប្រសាសន៍ថាការប្រកួតអុករវាងសម្ដេច និងដៃគូជំនិតនេះ នឹងត្រូវផ្សាយផ្ទាល់ជូនពលរដ្ឋទស្សនា។

សម្ដេចបានមានប្រសាសន៍ក្នុងន័យដើមថា«ថ្ងៃទី១៣ [ខែមេសា] ខ្ញុំទៅដល់ហើយ រួចហើយថ្ងៃទី១៤បើក [ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត] រួចហើយខ្ញុំនឹងនៅហ្នុង ប្រហែលជាដាក់ប្រឡងអុក តែជាមួយដៃគូម្នាក់ហ្នុង [ឯកឧត្តម មួង សារ៉ន] កុំលេងខូច! កំណត់កាន់[គ្រាប់ឬកូនអុក]ណាយកហ្នឹង។ ផ្សាយបន្តផ្ទាល់ ប្រយ័ត្នខូច»។

សូមបញ្ជាក់ថាឆ្នាំនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងប្រារព្ធឡើងដោយមានទស្សនីយភាពសិល្បៈ វប្បធម៌ ប្រពៃណី សាសនា ជាច្រើនទម្រង់។ កាន់តែពិសេសទៀតនោះ ព្រឹត្តិការណ៍នេះនឹងមានការរាំ និងការបត់បេះដូង បំបែកកំណត់ត្រាពិភពលោកទៀតផង។ ព្រឹត្តិការណ៍អង្គរសង្ក្រាននឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕

Share.