សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ២០២៣នេះ បាន​រៀបចំពិធី​ប្រគល់​ប្រាក់​រង្វាន់​លើកទឹកចិត្តជូនដល់គ្រូបង្វឹក និងកីឡាករ ដែលទទួលបានជ័យលាភីមេដាយសំរិទ្ធ ក្នុង​ការ​ប្រកួត The World Championship Single, Doubles and Mixed Doubles 2022 នៅ​ប្រទេស​ដាណឺ​ម៉ាក។

ពិធី​ប្រគល់​ប្រាក់​រង្វាន់​លើកទឹកចិត្តនេះ ធ្វើ​ឡើង​ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គ​នា​យក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា តំណាង​ដ៏ខ្ពង់​ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា រួម​ជា​មួយ ឯកឧត្តម ស៊ុម សុជាតិ អនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។

ជាលទ្ធផល ក្នុង​ការ​ចូល​រួម​ប្រកួត The World Championship Single, Doubles and Mixed Doubles 2022 នៅ​ប្រទេស​ដាណឺ​ម៉ាក កម្ពុជាទទួលបានជ័យលាភីមេដាយសំរិទ្ធ ១គ្រឿង លើវិញ្ញាសា បុរស ២ទល់២ ដោយកីឡាករ ភាព វ៉ាឃីម និង កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា ដែល​ជា​ភាព​ជោគ​ជ័យ​គួរ​ជា​ទី​មោទកៈ។

សូមបញ្ជាក់ថា ការប្រកួត The World Championship Single, Doubles and Mixed Doubles 2022 បានព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ដែលមាន ៤០ប្រទេសចូលរួម ស្មើនឹង៤១ក្រុម(ម្ចាស់ផ្ទះ ២ក្រុម) ប្រកួតលើ ៥វិញ្ញាសា រួមមាន៖
១. នារី ១ទល់១
២. បុរស ១ទល់១
៣. នារី ២ទល់២
៤. បុរស ២ទល់២
៥. ចម្រុះនារី១បុរស១ ២ទល់២

សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានចាត់បញ្ជូនប្រតិភូ ១រូប គ្រូបង្វឹក ២រូប កីឡាការិនី ២រូប និងកីឡាករ ២រូប សរុប ៧រូប៕

Share.