ភ្នំពេញ ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនមេការក្រុមហ៊ុនចិនម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងឲ្យសមត្តកិច្ចតាមចាប់ខ្លួនខ្មែរម្នាក់ទៀត ពាក់ពន្ធករណីចាយសែកស្អុយជាង៥ លានដុល្លារ ។

ជនសង្ស័យមានឈ្មោះ WU QUANG JIE ភេទប្រុស អាយុ៤៩ ឆ្នាំ ជនជាតិចិនហុងកុង ស្នាក់នៅផ្ទះលេខ១៣ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ មុខរបរ ជាមេការ ក្រុមហ៊ុនសាងសង់ ហ្សុងលាន អុិនធើណេសិនណល វេសមិន ។

កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ អនុវត្តតាមដីកា បញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូវ លេខ ៣១៥ សង្កាត់បឹង កក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួនជនសង្ស័យខាងលើនេះ យោងតាមពាក្យបណ្ដឹងរបស់ម្ចាស់បំណុលដែលបញ្ជាក់ថា កាលពីថ្ងៃទី២ខែឧសភា ឆ្នាំ២០២២ បុរសខ្មែរម្នាក់ និង ឈ្មោះ WU QUA NG JIE ជនជាតិចិន ជាមេការ និងតំណាងឲ្យក្រុមហ៊ុន ហ្សុងលាន អុិនធើណេសិនណល វេសមិន បានស្នើសុំខ្ចីប្រាក់ពីដើមបណ្តឹងចំនួន ៥ ៥០០ ០០០ ដុល្លារ ដោយជនជាតិខ្មែរម្នាក់នោះបានធ្វើលិខិតធានាអះអាងថា នឹងសងវិញតាមរយៈមូលប្បទានបត្រចំនួន៥ សន្លឹក គឺមូល ប្បទានប័ត្រចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ជាបន្តបន្ទាប់ ។

លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ម្ចាស់បំណុលបានយកមូលប្បទានបត្រ ដែលមានទឹកប្រាក់ប្រមាណ ៣ លាន ៥សែនដុល្លារទៅបើកនៅធនាគារ ស្រាប់តែខាងធនាគារឆ្លើយតបមកវិញថា មូលប្បទានបត្រចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ របស់ឈ្មោះ WU QUANG JIE និងខ្មែរម្នាក់នោះ ជាមូលប្បទានបត្រ គ្មានសាច់ប្រាក់ ពោលគឺ សែកស្អុយ ។ បន្ទាប់ពីដឹងថា មេការជនជាតិ និង និងខ្មែរម្នាក់ រួមគ្នាមានគំនិតទុច្ចរិតឆបោក លើទឹកប្រាក់ជាង៥លានដុល្លារនោះ ទើបម្ចាស់បំណុលស្វះស្វែងរកជួបចចារជាមួយ(ខ្មែរ)សុំលាក់ឈ្មោះ និង WU QUANG JIE ដើម្បីពិភាក្សាដោះស្រាយបំណុល ហើយពួកគេក៏បានសុំពន្យារពេលសង ទីបំផុត”សងខ្យល់”៕

អត្ថបទ៖ចតុមុខ

Share.