កណ្តាល ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនបាន ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ ក្នុងករណីបង្ក្រាបគ្រឿងញៀន កាលពីវេលារសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យទាំង៣នាក់ឃាត់ខ្លួនបាន ទី១ ឈ្មោះ ឡេង ម៉េងសុង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុក អង្គស្នួល ខេត្តកណ្តាល ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំ បទជួញដូរគ្រឿងញៀន ។ ទី២ ឈ្មោះ ហុង ពិសិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ទី៣ ឈ្មោះ អុល ចិត្រា ហៅថយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យម្នាក់រត់គេចខ្លួនបាត់ ឈ្មោះ សៅ ម៉េងនាត ហៅម៉េង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្នុងប្រតិបត្តិការខាងលើ នគរបាលដកហូតបាន ថ្នាំញៀន៦កញ្ចប់ ,ទូរស័ព្ទដៃ០២គ្រឿង , ម៉ូតូមួយគ្រឿង , ឧបករណ៍ជក់មួយចំនួនទៀត ។

តាមនគរបាលបានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ជុំវិញសភាពការណ៍សន្តិសុខក្នុងមូល ទើបកម្លាំងចុះទៅបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ រត់គេចខ្លួនបាត់ម្នាក់ ។

ក្រោយចាប់ខ្លួនបាន ជនសង្ស័យត្រូវបាននាំទៅសាកសួរនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាតុង សែនជ័យ

Share.