
រូបសំណាកលោកតា ឃ្លាំង មឿង ស្ពាយដាវ ជិះសេះចម្បាំង យ៉ាងអង់អាច កំពុងត្រូវបានក្រុមជាងស្មូនសូនយ៉ាងអស្ចារ្យ។ នេះបើតាមរូបភាពដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកលោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
តាមរយៈខ្លឹមសារខ្លីបង្ហោះភ្ជាប់ដោយរូបភាពនោះ លោក ឈឹម ផល្លា បានឱ្យដឹងថានៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ លោកបានដាក់ព្រះនេត្រ(ភ្នែក)នៃរូបសំណាកលោកតា ឃ្លាំង មឿង នៅខេត្តពោធិ៍សាត់ ដែលជាផ្នែកមួយនៃគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥។
ត្រយងមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឈឹម ផល្លា បាននៅឡើយទេ ដោយសារការទទួលបានព័ត៌មាននេះ ជួនចំពេលយប់ទៅហើយ។ ប៉ុន្តែតាមរយៈរូបភាព រូបសំណាកនេះទំនងនឹងដាក់នៅចំណុចផ្លូវបំបែកវៀងក្រុងពោធិ៍សាត?

សូមបញ្ជាក់ថាឯកសារជាច្រើនបានសរសេរថា កាលដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបទ ហើយឡើងសោយរាជនោះ រាជវង្សានុវង្សបានបាក់បែក ព្រាត់ប្រាស់អស់ ស្ដេចពញាច័ន្ទរាជា បុត្រព្រះធម្មរាជាក៏បានភៀសព្រះកាយទៅសុំជ្រកកោននឹងស្ដេចសៀម។
ដោយក្ដៅក្រហាយនឹងស្ដេចកនពេក ៧ឆ្នាំក្រោយមក ព្រះអង្គច័ន្ទរាជា ប្រើឧបាយកលបោកស្ដេចសៀមបានកងទ័ពសៀម៥.០០០នាក់ និងស្បៀងគ្រប់គ្រាន់នាំចូលមកស្រុកខ្មែរវិញ ។កាលនោះចៅហ្វាយខេត្តបាត់ដំបងបានថ្វាយទាហាន និងការគាំទ្រទាំងស្រុងទូទាំងខេត្ត។
មកដល់ពោធិ៍សាត់ ចៅហ្វាយខេត្តនេះរឹងទទឹងរាយការណ៍សុំជំនួយពីស្ដេចកនទើបពញាមឿង ដែលជាមេស្មឹងក្នុងខេត្តមានការស្មោះស្ម័គ្រនឹងព្រះអង្គច័ន្ទរាជារៀបចំគម្រោងការវាយឆ្មក់ ហើយក៏សម្លាប់ចៅហ្វាយខេត្ត រួចបញ្ចុះបញ្ចូលប្រជារាស្ត្រក្នុងខេត្តឲ្យមកចូលរួមជាមួយព្រះអង្គច័ន្ទរាជា ព្រមទាំងថ្វាយសេះ ដំរីជាច្រើនដល់ព្រះអង្គសម្រាប់ធ្វើសឹកផង។
ឯកូនរបស់តាមឿង៤នាក់ទៀតក៏សុទ្ធតែទទួលឋានន្តរស័ក្កិខ្ពង់ខ្ពស់ជាចៅពញាមុខនាទី ផ្សេងៗគ្នា។ ដឹងដំណឹងដូច្នេះស្ដេចកនបានចាត់តាំងឲ្យលើកទ័ពប្រមាណជាង១២ម៉ឺននាក់ដើម្បីវាយកម្ទេចទ័ពរបស់ព្រះអង្គច័ន្ទរាជាដែលទើបនឹងកកាញ់បានថ្មីៗ។
ទ័ពស្ដេចកនលើកទៅដល់ខេត្តក្រគរ ស្រុកក្រគរ ក៏ប្រយុទ្ធគ្នាជាមួយទ័ពព្រះអង្គច័ន្ទរាជា ដែលមានតាមឿងដឹកនាំ ។ ដោយឃើញស្ដេចកនលើកទ័ពទៅច្រើនពេក តាមឿនបានបញ្ជាទ័ពដកថយចូលបន្ទាយវិញទាំងអស់ដើម្បីទប់ទល់។
ទ័ពស្ដេចកនចំនួន១០ម៉ឺននាក់ទៅព័ទ្ធបន្ទាយរបស់ព្រះអង្គច័ន្ទរាជានៅឃុំបាក់នឹម ឈ្មោះបន្ទាយជ័យ ដែលមានទ័ពតែ២ម៉ឺននាក់ អស់រយៈពេល១២ខែធ្វើឲ្យហោចស្បៀង យ៉ាងខ្លាំងពុំអាចចេញទៅរកស្បៀងនិងពុំអាចវាយទំលាយរបាំងហ៊ុមព័ទ្ធបាន ទើបពញាសួគ៌លោកមឿងផុសគំនិតសុំព្រះអង្គច័ន្ទធ្វើពិធីពលីជីវិតទៅកេណ្ឌពលទ័ពខ្មោចឱ្យជួយ។

ដំបូងព្រះអង្គច័ន្ទសោកស្ដាយតាមឿងពេកពុំព្រមឲ្យតាមឿងធ្វើដូច្នេះឡើយ តែដោយតាមឿងប្រុងអារ.កសម្លាប់ខ្លួនមុខព្រះភ័ក្ត្រព្រះអង្គទើបព្រះអង្គបណ្ដោយតាមចិត្តតាមឿង ។ តាមឿងត្រេកអរក៏ឲ្យទាហានជីករណ្ដៅទំហំ៨ហត្ថបួនជ្រុង ហើយក្នុងរណ្ដៅដាំសុទ្ធតែលំពែង រួចធ្វើពិធីបួងសួងយ៉ាងម៉ត់ចត់ និងផ្ដាំថា បើយប់ថ្ងៃពេញបូណ៌មីខែពិសាខស្អែកនេះមានឮសន្ធឹកខ្ទរខ្ទារមេឃ និងដីឲ្យលើកទ័ពទៅវាយសត្រូវភ្លាម ។
អ្នកម្នាងខៀវ ដោយឈឺឆ្អាលចង់ជួយផែនដីក៏ថ្វាយបង្គំលាព្រះអង្គច័ន្ទរាជាលោតសម្លាប់ខ្លួនជាមួយតាមឿងដែរ ។ ឯកូនតាមឿងទាំង៤នាក់ ឃើញឪពុកស្លាប់ក៏ស្ទុះទៅលោតសម្លាប់ខ្លួនដែរ តែគេចាប់ទាន់២នាក់ គឺចៅពញាវិបុលរាជទេព និងចៅពញាតេជះសុខ។
ចំណែកចៅពញាវង្សាអគ្គរាជកែវ និងពញាបរទេសរាជ ដែលជាកូនទី១ និងកូនទី២ គេចាប់ពុំទាន់ក៏បានលោតទៅជាមួយឪពុក និងអ្នកម្នាងទៅ។ ដូចតាមបណ្ដាំតាមឿងមែន នៅយប់ពេញបូណ៌មីមានអព្ហូតហេតុអស្ចារ្យឮខ្ទរខ្ទារលើអាកាស និងលើដី ទើបព្រះអង្គច័ន្ទរាជាបញ្ជាឲ្យលើកទ័ពទៅចោមសត្រូវធ្វើឲ្យពួកវាភិតភ័យតក្កមារត់ខ្ចាត់ខ្ចាយ ខ្លះត្រូវសម្លាប់ ហើយរឹបអូសបានស្បៀងអាហារ និងអាវុធយុទ្ធភណ្ឌជាច្រើន ។
តក្រោយៗមកទៀតដោយមានទ័ពខ្មោចតាមឿងតាមជួយធ្វើឲ្យការធ្វើសឹកសង្គ្រាមជាមួយស្ដេចកនទទួលបានជ័យជម្នះជាបន្តបន្ទាប់រហូតសម្លាប់ស្ដេចកនបាន។ ក្រោយពេលសម្លាប់ស្ដេចកនបាន និងរៀបរយស្រុកទេសស្រួលបួលមក ស្ដេចសៀមផ្ញើសារឲ្យព្រះអង្គច័ន្ទរាជានាំយកសួយសារអាករមានទាំងដំរីសទៅថ្វាយ ប៉ុន្តែដោយព្រះអង្គច័ន្ទធ្វើមិនដឹងមិនឮ ស្ដេចសៀមបញ្ជាឲ្យលើកទ័ពមកវាយជាច្រើនលើក។

មួយលើកនោះទ័ពសៀមបានមកដល់ស្វាយដូនកែវបោះជំរំនៅតាមបណ្ដោយស្ទឹងស្វាយដូនកែវ ។ ព្រះច័ន្ទរាជាបានធ្វើពិធីសុំជំនួយពីតាមឿង ហើយលើកទ័ពទៅ។ ពេលទៅដល់ស្រាប់តែឮសន្ធឹកលាន់លើមេឃកក្រើកដីដោយសារតាមឿងនាំទ័ពខ្មោចមកជួយ ហើយធ្វើឲ្យទ័ពសៀមភិតភ័យ រាកក្អួតដេកដួលមិនអាចតដៃបាន ទើបទ័ពព្រះអង្គច័ន្ទរាជាចូលសម្លាប់ពួកសៀមទាំងនោះ និងសល់ប៉ុន្មានរត់ខា្ចត់ខ្ចាយទៅស្រុកវិញអស់ ។
លោក រស់ សំណាង អនុប្រធានមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ថ្លែងថា ដោយសារតែវិញ្ញាណក្ខន្ធតាមឿងតែងតែជួយទឹកដីពេលមានអាសន្នជាបន្តបន្ទាប់ ទើបប្រជារាស្ត្រខេត្តពោធិ៍សាត់តែងតែប្រារព្វពិធីរំលឹកដល់គុណតាមឿងរៀងរាល់មួយឆ្នាំម្ដងនៅខែពិសាខ គឺជាខែដែលតាមឿងបូជាជីវិតទៅកេណ្ឌទ័ពខ្មោច។
ក្រោយមកពិធីបុណ្យនេះបានក្លាយជាបុណ្យឡើងរោងអ្នកតាឃ្លាំងមឿងរហូតមក ព្រោះព្រលឹងតាមឿងបានក្លាយជាអ្នកតាដ៏មានរឹទ្ធិតេជះខ្លាំងពូកែអាចជួយប្រជារាស្ត្រឲ្យរួចពីទុក្ខភ័យ ផ្សេងៗតាមការបន់ស្រន់ និងតាមជំនឿ រៀងៗខ្លួនរហូតមកដល់សព្វថ្ងៃនេះ ។
ទីផ្នូរលោកឧកញ៉ាឃ្លាំងមឿង និងជំទាវខាន់ខៀវ សព្វថ្ងៃស្ថិតនៅក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ចម្ងាយប្រមាណ៦គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់។ រណ្ដៅដែលលោកឧកញ៉ាមឿងបានលោតនោះគេបានរក្សាការពារទុកមកដល់សព្វថ្ងៃដោយធ្វើជាអគារមួយមានក្បាច់រចនាស្រស់ស្អាតគ្របពីលើ ហើយនៅកៀនជញ្ជាំងពីក្រោយរណ្ដៅ ឬផ្នូរនេះ គេបានសាងរូបសំណាកលោកឧកញ៉ា និងអ្នកជំទាវតម្កល់ឲ្យឈរចង្អុលបែរមុខទៅរកកន្លែងដែលគាត់បានលោតនោះ។
បច្ចុប្បន្នទីនោះបានក្លាយជារមណីយដ្ឋានដែលមានអ្នកទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តរៀងរាល់ថ្ងៃ ថែមទាំងប្រមូលបានប្រាក់កសាងសមិទ្ធផលជាបន្តបន្ទាប់ទៀតផង ៕
