
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានប្រគល់ម៉ូតូមួយគ្រឿង ដល់អ្នកលេងគុនខ្មែរ ព្រំ សំណាង ក្រោយវាយកីឡាកររុស្ស៊ី Firdavszhov Naiimov ក្នុងការប្រកួតកីឡាប្រដាល់ THAI FIGHT ឃុនរ៉ាក់ប៉ៈធុម កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅប្រទេសថៃ។
តាមរយ:សារនៅទំប័រហ្វេសបុករបស់ឯកឧត្តម បានសរសេររៀបរាប់ថា៖ «ដើម្បីឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែងរបស់កីឡាករ ព្រំ សំណាង ថ្ងៃនេះខ្ញុំសូមលើកទឹកចិត្ត ដោយប្រគល់ម៉ូតូមួយគ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករអាជីព sea games នៅពេលដែលប្រទេសយើងនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាពេលខាងមុខ។ សូមជូនពរកីឡាករកីឡាការិនីរបស់កម្ពុជា ជាពិសេសកីឡាករ ព្រំ សំណាងសូមទទួលបានជោគជ័យគ្រប់សង្វៀនប្រកួតទាំងអស់។ សូមអរគុណ!»។

កីឡាករ ព្រំ សំណាង បានបង្កើតប្រវត្តិសាស្ត្រឱ្យខ្លួនឯង ដោយ១០ប្រកួតចុងក្រោយ រូបលោកមិនដែលស្គាល់ពាក្យថាចាញ់ ខណៈបានផ្តួលដៃគូឱ្យសន្លប់រហូតដល់ទៅ៩ដងឯណោះ។ លោកក៏ត្រូវបានគេស្គាល់ថាជាអ្នកប្រដាល់ចិត្តធំ មិនចេះខ្លាច មិនចេះញញើត ព្រមទាំងចូលវាយមិនចេះបន្ធូរដៃឱ្យដៃគូនោះឡើយ ខណ: ព្រំ សំណាង ក៏ត្រៀមបញ្ចេញសមត្ថភាព និងសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាជាម្ចាស់ផ្ទះ និងក្នុងនាមជាអត្តពលិកតំណាងឱ្យកម្ពុជាម្នាក់ផងដែរ។
គួរដឹងថា កាលពីថ្ងៃទី៥ ខែកុម្ភៈ កីឡាករ ព្រំ សំណាង វាយឱ្យកីឡាករមកពីអង់គ្លេស ថូម៉ាស់ ខាផែនថឺ សន្លប់ក្នុងទឹកទី១ ខណ: ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ សំណាង បន្តផ្តួលកីឡាករ រុស្ស៊ី Firdaszhov សន្លប់ក្នុទឹកទី១ ដូចគ្នា៕


