សិល្បៈ៖ តារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះ លោក ណូយ វណ្ណា បានបើករថយន្តម៉ាក LexusRX330 មួយគ្រឿងយ៉ាងលឿន រួចរេចង្កូតបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ខ្ទេចមួយកំណាត់មុខ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២៖២០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចមុខអគ្គស្នងការនគរបាលជាតិ តាមមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាក Lexus RX330 ពណ៌ស្ករមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BF-7616 បើកបដោយតារាចម្រៀងជើងចាស់ម្នាក់ ឈ្មោះ ណូយ វណ្ណា ធ្វើដំណើរតាមមហាវិថីព្រះនរោត្តម ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកនឹងរបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្ដាលឱ្យរថយន្តខ្ទេចមួយកំណត់មុខ។

ក្រោយកើតហេតុ តារាចម្រៀងលោក ណូយ វណ្ណា ដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានកូនក្មួយដឹកយកទៅផ្ទះ។ រីឯរថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយបន្តនៅពេលក្រោយ៕

Share.