ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ ស្រាវជ្រាវចាប់ខ្លួនបាន កាលពីថ្ងៃ០១ ខែមិនា ឆ្នាំ២០២៣ ក្រោយពីធ្វើសកម្មភាព រឹតកប្លន់រថយន្តព្រុស កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមផ្លូវ៣០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យចាប់ខ្លួនបាន២នាក់ ៖ ទី១ ឈ្មោះ ឆន ចំរើន ហៅរាជ ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ទី២ ឈ្មោះ សុខ បញ្ញា នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញ្ញាក្រែង ខេត្តត្បូងឃ្មុំ ។ ចំណែកជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់ ឈ្មោះ អន ជីអឺ ហៅអេ ភេទប្រុស អាយុ១៨ឆ្នាំ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យទាំង៣នាក់ បានហៅរថយន្តតាក់សុី ម៉ាកព្រុស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2BA-0575 ពីក្រុងតាខ្មៅ ខេត្តកណ្តាល ទៅក្លឹប X ZOOM នៅផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ លុះធ្វើដំណើរដល់ខាងត្បូងផ្សារទួលពង្រ ជនសង្ស័យប្រើល្បិចឲ្យឈប់រថយន្តចុះបត់ជើងតូច គ្រាន់តែបង្អន់ល្បឿន ស្រាប់តែជនសង្ស័យយកខ្សែហ្វ្រាំងកង់ រឹតក ជនរងគ្រោះជាអ្នកអ្នកបើកបររថយន្តតាក់សុី ឈ្មោះ លាប កម្សាន្ត ធ្វើឲ្យរថយន្តរេចង្កូតទៅបុកពីក្រោយរថយន្តកូរ៉េ បណ្តាលឲ្យរងរខូចខាតធ្ងន់ ហើយក្រុមជនសង្ស័យរត់គេចខ្លួនបាត់អស់ ។

ករណីប្លន់រថយន្តមិនបានសម្រេចខាងលើ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ ស្រាវជ្រាវតាមចាប់ខ្លួនបានជនសង្ស័យ២នាក់ ជាបន្តបន្ទាប់ កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ ។

ជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួនទៅសាកសួរនៅ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវចាប់ខ្លួនបក្ខពួកម្នាក់ទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.