ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះបន្ទប់ខុនដូរមួយកន្លែង ផ្តើមដោយទុស្សេចរន្តអគ្គិសនី បង្កឲ្យភ្ញាក់ផ្អើល នាំគ្នាប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយ ពន្លត់ទាន់ពេល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចខុនដូរលេខ៣៦៦ តាមផ្លូវលេខ៣៦៦ កែងផ្លូវ១៩៣ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យខាងលើ ដោយសារឆ្លងចរន្តអគ្គសនី ឆាបឆេះសម្ភារៈ ក្នុងបន្ទប់ ខូចខាតអស់មួយចំនួន ។ ហេតុការណ៍កើតភ្លើងភ្លាមៗ ត្រូវបានបងប្អូនប្រជាពលរដ្ឋ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់អស់ចំនួន១២បំពង់ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកអស់១រថយន្ត ភ្លើងរលត់ទៅវិញ មិនរាលដាលទៅបន្ទប់ផ្សេង ហើយក៏គ្មានអ្នកណារងរបួសដែរ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.