អាជ្ញាធរបាននិយាយថា ការស្វែងរកកំពុងដំណើរការនៅក្នុងប្រទេសហ្វីលីពីន ដើម្បីស្វែងរកឧទ្ធម្ភាគចក្រពេទ្យ ១គ្រឿង ដែលបានបាត់ខ្លួនកាលពីថ្ងៃ ពុធ ទី ០១ ខែ មីនា ពេលកំពុងដឹកអ្នកជំងឺម្នាក់ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ រហូតមកទល់ពេលនេះគេមិនទាន់ទទួលបានតម្រុយណាមួយអំពីឧទ្ធម្ភាគចក្រនោះទាល់តែសោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times នាថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ មីនា ឆ្នាំ ២០២៣។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន (CAAP) បាននិយាយថា យន្ដហោះនេះកំពុងហោះហើរដឹកអ្នកជំងឺពីកោះ Mangsee ដ៏ដាច់ស្រយាល ទៅមន្ទីរពេទ្យមួយកន្លែងនៅលើកោះភាគខាងលិចនៃខេត្ត Palawan។

CAAP បាននិយាយថា ឧទ្ធម្ភាគចក្រនេះបានចេញដំណើរកាលពីព្រឹកថ្ងៃ ពុធ ទៅទីក្រុង Brooke’s Point ហោះឆ្លងកាត់ឆ្នេរសមុទ្រ Sulu ភាគខាងត្បូងប្រទេសហ្វីលីពីន ប៉ុន្ដែបានបាត់ខ្លួននៅទីនោះយ៉ាងអាថ៌កំបាំង រហូតមកដល់ថ្ងៃ ព្រហស្បតិ៍ នេះ មិនទាន់បានមកដល់មន្ទីរពេទ្យទេ។

ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះគឺជាឧទ្ធម្ភាគចក្ររបស់អង្គភាព Philippine Adventist Medical Aviation Services ដែលជាស្ថាប័នមិនរកប្រាក់ចំណូលមួយ និងតែងតែជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្តទុកដាក់បំផុតនាពេលកន្លងមក។

ឆ្មាំសមុទ្រហ្វីលីពីន បាននិយាយថា ខ្លួនបានដាក់ពង្រាយនាវាជាច្រើនគ្រឿង ដើម្បីស្វែងរកឧទ្ធម្ភាគចក្រនៅដែនទឹករវាងកោះ Balabac ភាគខាងត្បូង ខេត្ត Palawan និងទីក្រុង Brooke’s Point។

សូមជម្រាបថា កាលពី ២សប្ដាហ៍មុន យន្ដហោះ Cessna ដឹកមនុស្ស ៤នាក់ ដោយមានជនជាតិអូស្រ្តាលី ២នាក់ បានធ្លាក់នៅតំបន់ភ្នំភ្លើងសកម្មមួយនៅកណ្ដាលប្រទេសហ្វីលីពីន៕

ប្រភព៖ The Straits Times

Share.