ព្រះសីហនុ ៖ នារីជាកម្មការីនីម្នាក់ សង្ស័យមានទំនាស់ជាមួយសង្សារ បានជាខាងប្រុសហ៊ានចូលទៅចាក់សម្លាប់ដល់កន្លែងធ្វើការ នៅចំណុចច្រកទ្វារផ្លូវចូលរោងចក្របេវឈីវើ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុ ក ព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី ០១ខែមិនា ឆ្នាំ២០២៣ វេលាម៉ោង ២១.៣៦នាទី ។

 ​

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក អួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់បានបញ្ជាក់ថា មានករណីមនុស្សឃាតដោយចេតនា មួយបានកើតឡើងនៅឃុំជើងគោ ដែលជនសង្ស័យមានឈ្មោះ ឡូត ម៉ុក ភេទប្រុស អាយុ ៣១ឆ្នាំមុខរបរកម្មកររោងចក្រស្រុកកំណើត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះមានឈ្មោះ សៀក ស៊ាវឡី ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្រុកកំណើត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ត្រូវបានជនសង្ស័យប្រើកាំបិតចុងស្រួចចាក់ទៅត្រូវត្រង់ក្រោមក្លៀកខាងឆ្វេង១កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានបើកម៉តូរត់គេចខ្លួនបាត់។បច្ចុប្បន្នយើងកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដើម្បីយកមកចាត់ការណ៍តាមច្បាប់៕

អត្ថបទ៖ ព្រះសីហនុ

Share.