ភ្នំពេញ ៖ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៣ កម្លាំងសមត្យកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីនាំយកទៅឃុំខ្លួនក្នុងពន្ធនាគារ រយៈពេល១ឆ្នាំ តាមអំណាចសាលក្រម ដោយគ្មានព្យួរទោស ពីបទ.រំលោភលើទំនុកចិត្ត ។

ជនជាប់ចោទឈ្មោះ អ៊ិន ទិត្យវិជ្ជរ៉ា ភេទស្រី អាយុ ៣៧ ឆ្នាំ នៅលីវ ស្នាក់នៅផ្ទះជួលលេខ២២B ផ្លូវលេខ១៩១ សង្កាត់ទំនុបទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថាសាលក្រមបានតម្រូវដាក់ជនជាប់ចោទ ឲ្យជាប់ពន្ធនាគារកំណត់១ ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោស និងបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី២”ម២”ឃុំខ្លួនជនជាប់ចោក្នុងមណ្ឌល តាមអំណាចសាលក្រម ចាប់តាំងពីថ្ងៃប្រកាសសាលក្រមនេះ ពីបទ.រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ តាមបញ្ញតិមាត្រា ៣៩១ និងមាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ ។

ក្រោយពីចាប់ខ្លួន និងនាំខ្លួនកញ្ញា អ៊ិន ទិត្យវិជ្ជរ៉ា បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ សមត្តកិច្ចក៏បាននាំជនជាប់ចោទ យកទៅឃុំខ្លួននៅពន្ធនាគារព្រៃស ដើម្បីអនុវត្តទោសតាមអំណាចសាលក្រមផងដែរ ៕

អត្ថបទ៖ ចតុមុខ

Share.