សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី នៅល្ងាចថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២៣ នេះបានជូនដំណឹងថាខ្លួននឹងរៀបចំពានរង្វាន់ Merlion Cup ឡើងវិញ នៅចុងខែមីនា នេះដែល មានក្រុមម្ចាស់ផ្ទះសិង្ហបុរី ហុងកុង ម៉ាឡេស៊ី និងក្រុមកម្ពុជា ឈុតស៊ីហ្គេម។

បានន័យថាក្រោយបញ្ចប់ការហ្វឹកហាត់នៅកោះសាមុយ ប្រទេសថៃ មួយរយៈក្រុមយុវជនក្រោមអាយុ២២ឆ្នាំ (U22) នឹងបន្តដំណើរទៅកាន់សិង្ហបុរី ដែលជាទីកន្លែងប្រកួតដណ្តើមពានរង្វាន់ Merlion Cup ជំនាន់ទី៩ ចន្លោះថ្ងៃទី២៤ ដល់២៦ ខែ មីនា ឆ្នាំ២០២៣ លើកីឡដ្ឋានស្មៅសប្បនិមិត្ត Jalan Besar Stadium។
រូបមន្តប្រកួតនឹងយកក្រុមទាំង៤ ចាប់គូគ្នា ប្រកួតថ្ងៃទី១ ហើយថ្ងៃទី២ ក្រុមឈ្នះ នឹងត្រូវប៉ះគ្នា ដណ្តើមយកជើងឯក ហើយក្រុមដែលចាញ់ត្រូវប្រកួតគ្នាយកចំណាត់ថ្នាក់លេខ៣។
សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី នឹងចាប់ឆ្នោតជ្រើសរើសគូប្រកួតរវាងក្រុមទាំង៤ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ខាងមុខ វេលាម៉ោង៥ល្ងាច (ម៉ោងនៅសិង្ហបុរី) ព្រមទាំងមានផ្សាយផ្ទាល់លើ Youtube របស់សហព័ន្ធផងដែរ ខណៈតម្លៃនៃសំបុត្រចូលទស្សនានឹងប្រកាសក្នុងពេលឆាប់ៗ៕
