រដ្ឋសភាវៀតណាមបានប្រកាសតែងតាំងលោក Vo Van Thuong ជាប្រធានាធិបតីថ្មី នៅក្នុងការរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេសនេះ ចំពេលមានយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងក្លាមួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ មីនា ឆ្នាំ ២០២៣។

នៅក្នុងសម័យប្រជុំវិសាមញ្ញនាថ្ងៃ ព្រហស្បតិ៍ នេះ សមាជិកសភាបានបោះឆ្នោតជ្រើសរើសលោក Vo Van Thuong អាយុ ៥២ឆ្នាំ ជាប្រធានាធិបតីថ្មីបន្ទាប់ពីគណបក្សកុម្មុយនិស្ដកំពុងកាន់អំណាចបានតែងតាំងលោកកាលពីថ្ងៃ ពុធ ជាបេក្ខជនកំពូលតែ ១គត់ដែលសាកសមនឹងតំណែងនេះ។

លោក Thuong ត្រូវបានគេតែងតាំងជាប្រធានាធិបតីថ្មីវៀតណាម បន្ទាប់ពីលោក Nguyen Xuan Phuc បានប្រកាសលាលែងពីតំណែងកាលពីខែ មករា ដើមឆ្នាំ ២០២៣ ភ្លាមៗ បន្ទាប់ពីប្រព្រឹត្តអំពើប្រាស់ចាកផ្សេងៗដោយមន្រ្តីក្រោមឱវាទ និង ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់កូវីដ១៩ ដែលបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរដល់ប្រទេសវៀតណាម។ ការលាលែងពីតំណែងរបស់លោក Phuc ត្រូវបានគេមើលឃើញថា ជាកើនឡើងគួរឲ្យកត់សម្គាល់នៃការបង្រ្កាបការប្រឆាំងអំពើពុករលួយរបស់ប្រទេស។

សារព័ត៌មានរដ្ឋវៀតណាមបានរាយការណ៍ថា សមាជិកសភាសរុបចំនួន ៤៨៧នាក់ ក្នុងចំណោមសមាជិក ៤៨៨នាក់ ដែលមានវត្តមាននៅក្នុងរដ្ឋសភាបានបោះឆ្នោតជ្រើសរើសរូបលោក Thoung។

ប្រធានាធិបតីថ្មីរបស់វៀតណាម គឺជាសមាជិកវ័យក្មេងបំផុតនៃសមាជិកការិយាល័យនយោបាយចំនួន ១៦រូប ដែលជាស្ថាប័នធ្វើការសម្រេច​ចិត្តកំពូលរបស់វៀតណាម។

ទន្ទឹមនោះ លោក Thuong ធ្លាប់កាន់តំណែងជាប្រធានាធិបតីស្ដីទី ហើយក៏ជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់លោក Nguyen Phu Trong ដែលជាប្រធានគណបក្សកុម្មុយនិស្ដ និង ជាមនុស្សដ៏សំខាន់នៅក្នុងការបង្រ្កាបការប្រឆាំងនឹងអំពើពុករលួយរបស់បក្ស។

នៅក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់សភាកំឡុងពេលស្បថចូលកាន់តំណែង ក្នុងនាមជាប្រធានាធិបតីថ្មីរបស់វៀតណាម លោក Thuong បាននិយាយថា «ខ្ញុំនឹងបន្ដការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ខ្ញុំនឹងខិតខំបំពេញការងារឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំនូវទំនួលខុសត្រូវ រួមទាំងបេសកកម្មដែលបក្ស រដ្ឋវៀតណាម និង ប្រជាជន ប្រគល់ឲ្យខ្ញុំគ្រប់គ្រង»។

ជាចុងក្រោយ ប្រធានាធិបតីថ្មីទើបស្បថចូលកាន់តំណែងរូបនេះ ក៏បានសន្យាថានឹងសិក្សា អនុវត្តតាមឧត្ដមគតិ សីលធម៌ និង របៀបរស់នៅរបស់អតីតប្រធានាធិបតី ហូជីមិញ ជានិច្ច៕

ប្រភព៖ Aljazeera

Share.