ចៅក្រមតុលាការកំពូលនៅទីក្រុង Los Angeles កាលពីថ្ងៃ ពុធ បានរកឃើញថា លោក Maurice Hastings ពិតជាគ្មានកំហុសចំពោះឧក្រិដ្ឋកម្មដែលតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣៨ឆ្នាំ ទាំងដែលលោកមិនបានប្រព្រឹត្តក្នុងឆ្នាំ ១៩៨៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ABC Net នាថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ មីនា ឆ្នាំ ២០២៣។

លោក Hastings ត្រូវបានដោះលែងកាលពីឆ្នាំមុន បន្ទាប់ពីភស្ដុតាង DNA បានចង្អុលទៅលើជនសង្ស័យផ្សេងទៀត ក្រោយបានទុកចោលការធ្វើតេស្ដនេះជាយូរមកហើយ។

ចៅក្រមបានលុបចោលការផ្ដន្ទាទោសពីលោក Hasting ក្នុងខែ តុលា តាមសំណើររបស់ព្រះរាជអាជ្ញាមកពីការិយាល័យមេធាវីខោនធី Los Angeles និង មេធាវីសម្រាប់គម្រោង Los Angeles Innocence។

កាលពីថ្ងៃ ពុធ រដ្ឋអាជ្ញា និង មេធាវី របស់លោក Hastings បានត្រឡប់ទៅតុលាការវិញ ដើម្បីសុំឲ្យចៅក្រម William C Ryan ចាត់វិធានការបន្ថែម ក្នុងការប្រកាសថា គាត់មិនពាក់ព័ន្ធនឹងការសម្លាប់កាលពី ៤០ឆ្នាំមុនឡើយ។

ចៅក្រមបានប្រកាសកាលពីថ្ងៃ ពុធ ថា លោក Hastings «ពិតជាគ្មានកំហុស» ដែលមានន័យថា ភស្ដុតាងបានបង្ហាញយ៉ាងច្បាស់ថា លោក Hastings មិនបានប្រព្រឹត្តបទឧក្រិដ្ឋនោះទេ។

ការិយាល័យរដ្ឋអាជ្ញា បាននិយាយកាលពីខែ តុលា ថា នៅពេលធ្វើកោសល្យវិច័យជនរងគ្រោះ គ្រូពេទ្យបានធ្វើការពិនិត្យឃើញថាជនរងគ្រោះត្រូវបានរំលោភផ្លូវភេទ និង ត្រូវបាញ់សម្លាប់ដោយគ្រាប់កាំភ្លើងមួយគ្រាប់ចំក្បាល មូលហេតុដែលគ្រូពេទ្យពិនិត្យលើការរំលោភផ្លូវភេទ ដោយសាររកឃើញទឹកកាមនៅក្នុងមាត់ជនរងគ្រោះនៅក្នុងរថយន្ដរបស់នាងនៅក្នុងទីក្រុង Inglewood ក្បែរទីក្រុង Los Angeles។ លទ្ធផលនៃការតេស្ដទឹកកាមកាលពីខែ មិថុនា កន្លងទៅបានរកឃើញថា ទឹកកាមមិនមែនជារបស់លោក Hastings ទេ។

ទម្រង់ DNA ត្រូវបានបញ្ចូលទៅក្នុងមូលដ្ឋានទិន្នន័យជាតិ និង ផ្គូផ្គងជាមួយបុរសម្នាក់ដែលត្រូវបានកាត់ទោសពីបទចាប់ពង្រត់ប្រដាប់អាវុធ ទន្ទឹមនោះរដ្ឋអាជ្ញាបាននិយាយថា ជនសង្ស័យគឺ Kenneth Packnett ដែលបានស្លាប់ក្នុងពន្ធនាគារក្នុងឆ្នាំ ២០២០។

យ៉ាងណាម៉ិញកាលពីឆ្នាំ ២០២១ លោក Hastings ត្រូវបានដោះលែងឲ្យមានសេរីភាពកាលពីខែ តុលា ក្នុងវ័យ ៦៩ឆ្នាំ នៅពេលនោះលោកបានប្រាប់អ្នកសារព័ត៌មានថា «នៅក្នុងពន្ធនាគារ លោកបានអធិស្ឋានរាល់ថ្ងៃថា ថ្ងៃសេរីភាពរបស់លោកនឹងមកដល់ពេលណាមួយ»។

សូមជម្រាបថា លោក Hastings ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតក្នុងកាលៈទេសៈពិសេស ហើយការិយាល័យមេធាវីខណ្ឌ បានស្វែងរកការកាត់ទោសប្រហារជីវិត ប៉ុន្តែគណៈវិនិច្ឆ័យបានជាប់គាំង។ គណៈវិនិច្ឆ័យទី២បានកាត់ទោសគាត់ ហើយនៅឆ្នាំ១៩៨៨ គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់ ១ជីវិត ដោយគ្មានលទ្ធភាពនៃការដោះលែង ខណៈដែលលោកនៅតែអះអាងថា ខ្លួនមិនមានទោសកំហុសទេ៕

ប្រភព៖ ABC Net

Share.