
បច្ចុប្បន្នក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ រួមទាំងក្រុមការងារ កំពុងតែស្ថិតនៅកោះសាមុយ ប្រទេសថៃ ដើម្បីបោះជំរុំហ្វឹកហាត់ដំណាក់កាលទី១ រយៈពេល១៦ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។
ខណ:ខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ បាននិយាយពីបរិយាកាសនៃការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា៖ «មកដល់ទីនេះខ្ញុំមានអារម្មណ៍រីករាយ ស្រស់ស្រាយ ស្ងប់ស្ងាត់ល្អ ព្រោះជិតសមុទ្រ និងភ្នំ ដែលធ្វើឲ្យយើងបានផ្តោតខ្លាំង ។ ការហ្វឹកហាត់ខ្លាំង ដែលនាំឲ្យមានផលវិជ្ជមានច្រើន ហើយមួយទៀតនោះយើងអាចនៅជាមួយគ្នាច្រើន និងលេងជាមួយគ្នាឆាប់ត្រូវគ្នា»។

ក្នុងនោះក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ក៏មានការប្រកួតមិត្តភាពកម្តៅសាច់ដុំចំនួន៣ប្រកួតផងដែរ ប៉ុន្តែជាការប្រកួតបិទទ្វារ (មិនបង្ហាញលទ្ធផល ឬសមាភាពកីឡាករឡើយ) ព្រោះជាការប្រកួតដកស្រង់បច្ចេកទេស នៅទីលានមជ្ឈមណ្ឌលហ្វឹកហាត់ MARALEINA។
៣ប្រកួតរបស់ U-22 កម្ពុជា មានដូចជា៖
-នៅថ្ងៃទី១ ខែមីនា ប៉ះជាមួយ Ranong United
-នៅថ្ងៃទី៨ ខែមីនា ប៉ះជាមួយ HuaHin City FC
-នៅថ្ងៃទី១៥ ខែមីនា ប៉ះជាមួយ Nonthaburi United។
ក្រោយចេញពីថៃ ក្រុមបាល់ទាត់ U22កម្ពុជា នឹងបន្តចូលរួមប្រកួតពានរង្វាន់ Merlion Cup នៅសិង្ហបុរី ជំនាន់ទី៩ ចន្លោះថ្ងៃទី២៤ ដល់២៦ ខែ មីនា ឆ្នាំ២០២៣ លើកីឡដ្ឋានស្មៅសប្បនិមិត្ត Jalan Besar Stadium មុនស៊ីហ្គេម មកដល់។
គួរដឹងថាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងចាប់ផ្ដើមមុនពិធីបើកជាផ្លូវការ ពោលគឺត្រូវប្រកួតបើកឆាកនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣៕


